រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីថ្ងៃពុធ (២៦ មីនា) ថាខ្លួននឹងអនុញ្ញាតឱ្យក្រុមហ៊ុន SpaceX បើកដំណើរការសេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink នៅក្នុងប្រទេសរបស់ខ្លួន។
សេចក្តីថ្លែងការណ៍មួយរបស់រដ្ឋាភិបាលនេះឱ្យដឹងថាមិនមានដែនកំណត់លើភាពជាម្ចាស់បរទេសបំរើសេវាកម្មអ៊ីនធឺណិតនេះទេ ហើយរយៈពេលសាកល្បងនឹងមានរយៈពេលរហូតដល់ចុងឆ្នាំ 2030 ។
ការអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកបើកដំណើរការសេវាអ៊ីនធឺណិតរបស់ខ្លួនត្រូវបានអ្នកវិភាគមួយចំនួនមើលឃើញថាជាវិធានការមួយក្នុងចំណោមវិធានការដែលវៀតណាមបានអនុវត្ត ដើម្បីជៀសវាងការរងការវាយប្រហារដោយពន្ធរបស់សហរដ្ឋអាមេរិក។
គេមិនទាន់ច្បាស់ថាតើ SpaceX បានដាក់ពាក្យសុំអាជ្ញាប័ណ្ណដើម្បីបើកដំណើរការសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសវៀតណាមឬយ៉ាងណានោះទេ។ Starlink ប្រតិបត្តិការនៅក្នុងទីផ្សារជាង 120កន្លែង នៅទូទាំងពិភពលោក។
សេចក្តីថ្លែងការណ៍ខាងលើក៏បាននិយាយថា ក្រុមហ៊ុនត្រូវបានអនុញ្ញាតឱ្យផ្តល់ផែនការសេវាថេរ និងចល័តនៅទូទាំងប្រទេសវៀតណាម រួមទាំងសេវាកម្មនៅលើជើងហោះហើរផងដែរ។ សេចក្តីសម្រេចរបស់រដ្ឋាភិបាលកំណត់ចំនួនអ្នកប្រើប្រាស់ត្រឹម 600,000 នាក់សម្រាប់រយៈពេលសាកល្បង៕
ដោយ៖ ភារៈ