ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៩ ព្រឹក កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួចម៉ូតូ០១គ្រឿង នៅចំណុចលើផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលខណ្ឌទួលគោកឲ្យដឹងថា ជនសង្ស័យបានប្រព្រឹត្ត(លួច)នៅចំណុចមុខផ្ទះលេខ ៥៧៩Eo ផ្លូវលេខ១២៨ ក្រុមទី៤៩ ភូមិ១២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៥ល្ងាច ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានឈ្មោះ ស៊ុន ឡា ហៅ ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda C125 ស៊េរី2018 ពណ៍ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1N-9111 ដែលមានលេខតួ: 5301071 (ជាម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យរូបនេះលួចយកនៅពេលកើតហេតុ) ។
មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះ យ៉ុន យ៉ុងឆាយ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវលេខ១៤៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី។ រីឯម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញហើយ៕
ដោយ៖ សូរិយា