ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខ​រដ្ឋាភិបាល​នូ​វែ​ល​ហ្សេឡង់ សម្រេច​លើកចោល​បម្រាម​រឹតត្បិត​កម្រិត​បី​នៅក្នុង​ទីក្រុង Auckland

ចែករំលែក៖

អន្តរជាតិ៖ នៅថ្ងៃទី ខែតុលា ឆ្នាំ២០២០នេះ មេដឹកនាំនូវែ​ហ្សេឡង់លោកស្រី Jacinda Ardern បានបង្ហាញពីទំនុកចិត្តថា រលកឆ្លងទីនៃកូរ៉ូណាវីរុសនៅក្នុងទីក្រុង​Auckland បានលុបបំបាត់ស្ទើរតែទាំងស្រុងហើយបន្ទាប់ពីស្ថានភាពនេះ ធ្វើឲ្យរដ្ឋាភិបាលសម្រេចលើកចោលបម្រាមរឹតត្បិតកម្រិតបីនៅក្នុងទីក្រុង Auckland

នាយករដ្ឋមន្ត្រីនូវែ​ហ្សេឡង់ លោកស្រី Jacinda Ardern ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ បានលើកឡើងយ៉ាងដូច្នេះថា «​ពេលនេះលទ្ធភាពនៃការឆ្លង​COVID-19 ប្រមាណ៩៥ភាគរយ ត្រូវបានលុបបំបាត់ចោល COVID-19 នឹងនៅជាមួយយើងជាច្រើនខែទៅមុខទៀត ប៉ុន្តែយើងគួរតែលើកចោលបម្រាមរឹតត្បិត​»​មិនតែប៉ុណ្ណោះ មេដឹកនាំនូវែ​ហ្សេឡង់រូបនេះ បានសរសើរប្រជាជនដែលអនុវត្តវិធានការតឹងរ៉ឹងតាមការសម្រេចរបស់រដ្ឋាភិបាលរហូតអាចយកឈ្នះ COVID-19 ជាលើកទីពីរ

ជាក់ស្តែង នៅក្នុងទីក្រុង​Auckland រដ្ឋាភិបាលនូវែ​ហ្សេឡង់ រាយការណ៍ថា មិនមានករណីឆ្លងនៅក្នុងស្រុកចំនួន ១០ថ្ងៃជាប់គ្នា ដោយមើលឃើញពីស្ថានភាពធូរស្រាលបែបនេះ រដ្ឋាភិបាលសម្រេចលើកចោលបម្រាមរឹតត្បិតកម្រិតបី នៅក្នុងទីក្រុង Auckland ចោល និងដាក់បម្រាមរឹតត្បិតកម្រិតមួយជំនួសវិញ ការលើកចោលនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី ខែតុលាតទៅ

សូមជម្រាបថា ក្រោមបម្រាមរឹតត្បិតកម្រិតមួយនេះ រដ្ឋាភិបាលហាមឃាត់មិនឲ្យជួបប្រជុំមនុស្សលើសពី១០០នាក់ឡើយ ចំណែកភោជនីយដ្ឋាន និងបារ អាចបើកធម្មតា ដោយមិនរក្សាគម្លាតសុវត្ថិភាព មកទល់ពេលនេះ នូវែ​ហ្សេឡង់ មានករណីឆ្លង​COVID-19 សរុបចំនួន ១៨៥៥ករណី អ្នកស្លាប់មានចំនួន ២៥នាក់ និងអ្នកជាសះស្បើយមានចំនួន ១៧៩០នាក់

ក្រោយស្ងប់ស្ងាត់១០២ថ្ងៃ ករណី COVID-19 នៅក្នុងទីក្រុង​Auckland ត្រូវបានអាជ្ញាធរនូវែ​ហ្សេឡង់រាយការណ៍នៅក្នុងខែសីហាកន្លងទៅ ប៉ុន្តែអ្នកឆ្លងលើកដំបូងនៅក្នុងទីក្រុង មិនត្រូវបានគេរកឃើញប្រភពចម្លងនៅឡើយទេបើទោះបីជាអាជ្ញាធរដាក់ការសង្ស័យលើឃ្លាំងក្លាសេមួយកន្លែងក៏ដោយព្រោះកន្លងមករដ្ឋាភិបាលបានបន្ធូរបន្ថយបម្រាមរឹតត្បិតនៅទូទាំងប្រទេសទាំងអស់កម្រិតមួយលើកលែងតែទីក្រុង​Auckland មួយប៉ុណ្ណោះ ដែលនៅតែរក្សាកម្រិតបី ព្រោះលទ្ធភាពនៃការឆ្លងមានខ្ពស់ជាងតំបន់ផ្សេង

គួរបញ្ជាក់ថា ប្រសិនគ្មានការប្រែប្រួលទេ នូវែ​ហ្សេឡង់ ក៏នឹងរៀបចំការបោះឆ្នោតសភា នៅថ្ងៃទី១៧ ខែតុលាខាងមុខនេះ បន្ទាប់ពីពន្យារពេលជាច្រើនថ្ងៃ និងសភាត្រូវបានរំលាយ

ដោយ៖ស តារា


ចែករំលែក៖