អន្តរជាតិ៖ ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច និងបំណុលធ្ងន់ធ្ងរដែលកើតឡើងដោយសារ COVID-19 លោក David Malpass ប្រធានធនាគារពិភពលោក កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ថ្មីៗនេះ បានទទូចឲ្យប្រទេសអ្នកមាន និងអ្នកវិនិយោគ លុបចោល និងរៀបចំបំណុលសារជាថ្មីហើយទទូចឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីដោះស្រាយបញ្ហានេះ។ ខណៈដែលប្រទេសកំពុងអភិវឌ្ឍត្រូវការការបន្ធូរបន្ថយក្នុងការបង់បំណុល ។
ជាក់ស្តែង ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Handelsblatt នៅថ្ងៃទី៤ខែតុលា លោក David Malpass ប្រធានធនាគារពិភពលោក បានលើកឡើងថា៖ ព្រោះតែវិបត្តិជំងឺឆ្លង COVID-19 បានប៉ះពាល់យ៉ាងគំហុកដល់ចរន្តសេដ្ឋកិច្ចពិភពលោក ដូច្នេះហើយអ្នកវិនិយោគគួរណាស់តែត្រៀមខ្លួនក្នុងការផ្តល់ជំនួយដល់ប្រទេសអ្នកខ្ចីលុយពួកគេដែលក្នុងនោះក៏មានការលុបបំណុលចោលដែរ។
លោកប្រធានធនាគារពិភពលោក បានគូសបញ្ជាក់ថា វាជារឿងសំខាន់ដែលបំណុលត្រូវកាត់បន្ថយ តាមរយៈការរៀបចំឡើងវិញ ព្រោះមានព័ស្តុតាងច្រើនណាស់ដែលប្រទេសខ្លះមិនអាចសងបំណុលដែលខ្លួនបានខ្ចី។ លោកបន្ថែមថា ប្រាក់ដែលប្រទេសក្រីក្រជំពាក់ គួរត្រូវបានកាត់បន្ថយ ហើយលុយបំណុលគេគួរលុបចោលតែម្ដង។
សូមជម្រាបថា ក្នុងន័យនេះ លោក Malpass លើកឡើងពីវិធានការដែលគេធ្លាប់អនុវត្តអំឡុងវិបត្តិហិរញ្ញវត្ថុនៅតំបន់អាមេរិកឡាទីន និងគំនិតផ្តួចផ្តើមសម្រាប់ប្រទេសដែលមានបំណុលច្រើនដែលដាក់ចេញក្នុងទសវត្សរ៍ឆ្នាំ១៩៩០ជាដើម។
លោក Malpass ក៏អះអាងទៀតថា ដោយសារវិបត្តិជំងឺឆ្លង COVID-19 នេះ អាចនឹងបណ្តាលឲ្យមានវិបត្តិបំណុលក្នុងប្រទេសកំពុងអភិវឌ្ឍមួយចំនួនដែលកំណើនសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកំពុងជួបបញ្ហា។ បន្ថែមពីនេះលោក ថា៖ ឱនភាពថវិកា និងការបង់បំណុលកំពុងហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ស្របពេលធនាគារកណ្តាលរបស់ពួកគេ ក៏កំពុងជួបបញ្ហាបំណុលក្នុងស្រុកផងដែរ ។
ជុំវិញបញ្ហានឹងរឿងបំណុលនេះ កាលពីខែមីនាកន្លងទៅ បណ្តារប្រទេសសេដ្ឋកិច្ចនាំមុខទាំង២០ (G20) បានគាំទ្រគំនិតផ្តួចផ្តើមក្នុងការពន្យារពេលសងបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហើយត្រូវបានអនុម័តក្នុងខែមេសា។ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍចំនួន៧៣ មានប្រទេសចំនួន៤៣ ដែលត្រូវបានវាយតម្លៃថា អាចពន្យារពេលសងបំណុលបានដែលមានតម្លៃសរុប៥ពាន់លានដុល្លារ។
គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ លោក Malpass ក៏បានព្រមានថាជំងឺឆ្លងសកល COVID-19 អាចនឹងបណ្តាលឲ្យមនុស្ស១០០លាននាក់ស្ថិតក្នុងសភាពក្រីក្របំផុត។ លោក បានអំពាវនាវបន្ថែមទៀតឲ្យធនាគារឯកជន និងមូលនិធិវិនិយោគនានាចូលរួមក្នុងការជួយដោះស្រាយបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍ៕ដោយ៖ស តារា