ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយវាយប្រហារសេតវិមាន កូវីដ​-១៩​ កំពុងតែអុកឡុកក្រសួងការពារជាតិ មន្ត្រីជាច្រើនត្រូវធ្វើចត្តាឡីស័ក

ចែករំលែក៖

    អន្តរជាតិ៖មន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ថា មានមន្ត្រីយោធាជាច្រើនរូប របស់ក្រសួងការពារជាតិ​ត្រូវធ្វើចត្តាឡីស័ក ក្រោយជួបជាមួយអ្នកឆ្លងកូវីដ​-១៩។
លោកឧត្តមសេនីយ៍ Mark Milley ប្រធានគណៈកម្មការទីបញ្ជាការកម្លាំងទាហាន​ចម្រុះអាមេរិក​ និងមន្ត្រីយោធាជាន់ខ្ពស់ជាច្រើនរូបបានកាត់ផ្តាច់​ ក្រោយឧត្តមនាវី Charles Ray បានរកឃើញវិជ្ជមានកូវីដ​-១៩​។
លោក Jonathan Hoffman អ្នកនាំពាក្យមន្ទីរបញ្ចកោណ​បានឲ្យដឹងថា លោកឧត្តមនាវី Charles Ray កាលពីសប្តាហ៍មុនបានជួបប្រជុំជាមួយមន្ត្រីយោធានៅមន្ទីរបញ្ចកោណអាមេរិក​ ។ ប៉ុន្តែអ្នកដែលនៅក្បែរ មកទល់ពេលនេះ មិនទាន់មានរោគសញ្ញាណាមួយឡើយ​ ស្ថិតនៅក្នុងការតាមដាន។
នៅពេលនេះគេមិនទាន់ដឹងថាឧត្តមនាវី Charles Ray​បានឆ្លងកូវីដ​-១៩​ ដោយរបៀបណានោះឡើយ ។ មន្ត្រីយោធា​​មួយរូប​បានលើកឡើងថា ឧត្តមនាវី Charles Ray បានឆ្លងកូវីដ​-១៩​ក្រោយពេលលោកទៅចូលរួមក្នុងព្រឹត្តិការណ៍មួយនៅសេតវិមានកាលពី១០ថ្ងៃមុន​។
សារព័ត៌មាន​ AP បានផ្សាយថា​ មានមន្ត្រីជាច្រើន​បានចូលរួម​ក្នុងព្រឹត្តិការណ៍តែងតាំងចៅក្រម លោកស្រី​Amy Coney Barrett ធ្វើឡើងនៅថ្ងៃទី​២៩ ខែកញ្ញា​នៅសេតវិមាន។​ ក្រោយព្រឹត្តិការណ៍នោះគេរកឃើញមានករណីឆ្លងដល់ទៅ ៩នាក់ ក្នុងនោះមានទាំងប្រធានាធិបតីដូណាល់ ត្រាំផងដែរ ៕ដោយ៖ធី រីណា


ចែករំលែក៖