អន្តរជាតិ៖ បើយោងតាមរបាយការណ៍ប្រចាំថ្ងៃ នៃអត្រាឆ្លង COVID-19 នៅប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា តួលេខឆ្លងសរុបកើនឡើងមាន២២៤៤៥ករណី ហើយស្លាប់មានចំនួន ៥៣៥នាក់។ ខណៈដែលអាជ្ញាធរមីយ៉ាន់ម៉ា បន្តរកឃើញករណីឆ្លងប្រចាំថ្ងៃច្រើនដដែល មានករណីឆ្លងថ្មីចំនួន១០១២បន្ថែមទៀត នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។
បើគិតត្រឹមថ្ងៃទី៨ ខែតុលាម្សិលមិញនេះ មីយ៉ាន់ម៉ា មានតួលេខឆ្លង២២៤៤៥ករណី កំពុងឈរលេខរៀងទីបីនៃតារាងករណីឆ្លង COVID-19 នៅអាស៊ីអាគ្នេយ៍ តាមពីក្រោយហ្វីលីពីន ឥណ្ឌូណេស៊ី និងសិង្ហបុរី ។ ចំណែកឯហ្វីលីពីនវិញ នៅតែឈរលំដាប់លេខមួយដដែល ព្រោះករណីឆ្លងសរុបមានដល់ ៣៣១៨៦៩ និងស្លាប់៦០៦៩នាក់ រីឯឥណ្ឌូណេស៊ីមានករណីឆ្លង៣២០៥៦៤ករណី និងស្លាប់១១៥៨០នាក់។
ដោយឡែកសិង្ហបុរី ដែលមួយរយៈមុនមានករណីឆ្លងខ្លាំងនោះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយមានករណីឆ្លងសរុបចំនួន៥៧៨៤៩ និងស្លាប់២៧នាក់។ នៅក្រោមមីយ៉ាន់ម៉ា គឺម៉ាឡេស៊ីមានករណីឆ្លងចំនួន១៤៣៦៨ និងស្លាប់១៤៦នាក់។ ថៃនៅលេខរៀងបន្ទាប់ មាន COVID-19 ចំនួន៣៦២២ករណី និងស្លាប់៥៩នាក់។ ក្រោមថៃមានវៀតណាម ជាមួយករណីឆ្លង១១០០ និងស្លាប់៣៥នាក់។
ជាមួយគ្នានេះដែរ កម្ពុជាមានករណីឆ្លងចំនួន២៨២ មិនមានអ្នកស្លាប់ឡើយ។ ខណៈព្រុយណេមាន១៤៦ករណី និងស្លាប់បីនាក់ហើយ ឡាវមាន២៣ករណីគ្មានអ្នកស្លាប់ ។ រីឯទីម័រខាងកើតវិញមាន២៨ករណី និងគ្មានអ្នកស្លាប់ដែរ៕ដោយ៖ស តារា