ព័ត៌មានទាន់ហេតុការណ៍៖

ខលហៅសង្សារមកដេកផ្ទះសំណាក់មិនបានដូចបំណងបុរសម្នាក់លេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ បុរសបានសម្រេចចិត្តលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួនក្នុងបន្ទប់ផ្ទះសំណាក់តែមិនស្លាប់ត្រូវបានម្ចាស់ផ្ទះសំណាក់ហៅរថយន្តសង្គ្រោះមកជួយទាន់ព្រោះខឹងខលហៅសង្សារមកដេកមិនបានដូចបំណង។ 

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង២រសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅផ្ទះសំណាក់លីនណាអង្គរ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនចិត្តស្រាលរូបនេះមានអាយុជាង២០ឆ្នាំ ស្ថិតក្នុងសភាពប្រកាច់ សន្លប់ស្តូកស្តឹង បែកពពុះមាត់ស្គុល នៅលើទ្រូងមានរូបថតស្ត្រីម្នាក់ និងសំបកថ្នាំពេទ្យ៣បន្ទះក្បែរខ្លួន ។

តាមសម្តីអ្នកមើលការខុសត្រូវផ្ទះសំណាក់បានឲ្យដឹងថា ជនរងគ្រោះបានជួលបន្ទប់ដេកជាន់ទី១ សម្រាក តាំងពីល្ងាចថ្ងៃទី៨ ខែតុលាម្សិលមិញ ជួលដេកសម្រាក១ថ្ងៃ លុះដល់វេលាម៉ោង២រសៀល ថ្ងៃទី៩ ខែតុលាទៅហើយមិនឃើញចេញ ព្រោះថាអស់ម៉ោងជួលហើយ ទើបបុគ្គលិកបម្រើការងារឡើងទៅគោះទ្វារហៅតែមិនឮសូរឆ្លើយ ក៏ចាក់សោបើកមើលប្រទះឃើញជនរងគ្រោះដេកប្រកាច់ សន្លប់បែកពពុះមាត់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចស្នើសុំរថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ ។

តែបើប្រភពផ្សេងមួយទៀតបានឲ្យដឹងថា ជនរងគ្រោះជួលបន្ទប់ផ្ទះសំណាក់ដេកសម្រាក ហើយទូរស័ព្ទហៅសង្សារមកដេកជាមួយ តែខាងស្រីមិនព្រម ទើបកើតក្តីមួម៉ៅ តូចចិត្តលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន និងរកចងក តែមិនបានសម្រេច គេឃើញទាន់ ។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ៕

ដោយ​៖សុខាសែនជ័យ​


ចែករំលែក៖