បច្ចុប្បន្នចំនួនអ្នកឆ្លងកូវីដ-១៩ នៅលើពិភពលោកបានកើនឡើងខ្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ។ តាមគេហទំព័រ Worldometer គិតមកដល់វេលាម៉ោង២០ ថ្ងៃទី៩ ខែតុលាឆ្នាំ២០២០ នៅទូទាំងពិភពលោកមានករណីឆ្លងដល់ទៅ៣៦,៨២៤,១៥១នាក់ ស្លាប់១,០៦៧,៩៤៥នាក់ និងជាសះស្បើយ២៧,៧០៦,២៦៤នាក់ផងដែរ។
ដោយឡែកនៅក្នុងតំបន់អាស៊ាន មានប្រទេសជាច្រើនមិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ឡើយ ឬមានឆ្លងដែរតែតិចតួច ក្នុងនោះមាន កម្ពុជា វៀតណាម ឡាវ ថៃ …ជាដើម។ ផ្ទុយទៅវិញក៏មានប្រទេសមួយចំនួនក្នុងតំបន់ ដូចជា ហ្វុីលីពីន ឥណ្ឌូនេស៊ី មានអ្នកឆ្លងរាប់ពាន់នាក់ក្នុងមួយថ្ងៃ។
សារព័ត៌មាន ស៊ីនហួ នៅថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០ បានដកស្រង់សេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាលហ្វុីលីពីនបាន
បញ្ជាក់ថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ២,៩៩៦ករណីបន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសបានកើនដល់ ៣៣៤,៧៧០ករណីហើយ និងមានអ្នកស្លាប់ ៨៣នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៦,១៥២នាក់។
ចំណែកឯនៅប្រទេសឥណ្ឌូនេស៊ីវិញ សន្ទុះនៃករណីឆ្លង COVID-19 ក៏មានការកើនឡើងយ៉ាងគំហុកផងដែរ។ ក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ប្រទេសអាស៊ានមួយនេះ បានកត់ត្រាករណីអ្នកឆ្លងថ្មីៗរហូតដល់ ៤,០៩៤ករណី និងករណីស្លាប់ចំនួន ៩៧នាក់ផងដែរ។ ជាសរុប រហូតមកទល់ពេលនេះ ឥណ្ឌូនេស៊ីមានអ្នកឆ្លងទាំងអស់ ៣២៤,៦៥៨ករណី ក្នុងនោះស្លាប់ ១១,៦៧៧នាក់ ៕ដោយ៖ធី រីណា