ការមិនចុះសម្រុងនយោបាយផ្ទៃក្នុង អាមេរិក ហើយការបោះឆ្នោតក៏កាន់តែខិតជិតមកដល់នោះ បានធ្វើឲ្យបាត់បង់ឱកាសដ៏ល្អធ្លាក់ទៅលើរុស្ស៊ីនិងចិន ទាំងវិស័យការទូត សន្តិសុខ រហូតដល់វេជ្ជសាស្ត្រ ផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩។
នៅពេលនេះដែរអាមេរិកមិនទាន់មានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាផ្លូវការនៅឡើយទេ បើទោះបីប្រធានាធិបតីដូណាល់ ត្រាំខិតខំជំរុញឲ្យបានមុនពេលបោះឆ្នោតក្តី តែក្រុមវិទ្យាសាស្ត្រអាមេរិកមិនអាចធ្វើទៅរួចឡើយ។
ផ្ទុយទៅវិញប្រទេសរុស្ស៊ីមានការបញ្ជាទិញវ៉ាក់សាំងដល់ទៅជាង ៥០ប្រទេសហើយជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះរុស្ស៊ីមានគម្រោងផលិតវ៉ាក់សាំងនេះនៅក្នុងប្រទេសឥណ្ឌានិងម៉ិចស៊ីកូទៀតផង ដើម្បីបំពេញតម្រូវការប្រើប្រាស់របស់ពិភពលោក។
ចំណែកចិនវិញក៏ដូច្នោះដែរ បានចូលរួមជាមួយអង្គសុខភាពពិភពលោកដើម្បីផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩ជាសកល។ ប្រទេសជាច្រើនត្រូវបានចិនដាក់ចូលក្នុងបញ្ជីជាប្រទេសផ្តល់អាទិភាពទិញវ៉ាក់សាំង។នៅពេលនេះចិនកត់ឈ្មោះម៉ាឡេស៊ីចូលក្នុង «បញ្ជីប្រទេសមានអាទិភាពទទួលបានវ៉ាក់សាំងកូវីដ-១៩ពីចិន» នៅពេលផលិតបានជោគជ័យ។
រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ហ៊ីសហាំមូដទីន ហ៊ូសសេន (Hishammuddin Hussein) បានប្រកាសថា ចិនបានយល់ព្រមបញ្ចូលម៉ាឡេស៊ី ទៅក្នុងបញ្ជីឈ្មោះនៃប្រទេសអាទិភាព ដែលនឹងទទួលបានវ៉ាក់សាំង COVID-19 នៅពេលចិនផលិតបានជោគជ័យ។
លោក Hussein ធ្វើការប្រកាសខាងលើក្នុងឡុងការធ្វើសនិ្នសីទសារព័ត៌មានរួមគ្នានៅថ្ងៃអង្គារនេះ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលកំពុងស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី ក្រោមក្របខ័ណ្ឌនៃការបំពេញទស្សនកិច្ចមួយជុំ នៅតំបន់អាស៊ីអាគ្នេយ៍។ ស្ថិតក្នុងឱកាសនោះ លោក Hussein បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងស្វាគមន៍ និងពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់ចិន ក្នុងការផ្ដល់ឱ្យម៉ាឡេស៊ីនូវវ៉ាក់សាំង COVID-19 ផលិតឡើងដោយចិន នៅពេលផលិតបានជោគជ័យ ជាមួយការបញ្ចូលម៉ាឡេស៊ីទៅក្នុងបញ្ជីឈ្មោះ ប្រទេសដែលមានអាទិភាព»៕
ដោយ៖ធី រីណា