អន្តរជាតិ៖ នាវាមុជទឹកថ្មីរបស់ជប៉ុន ឈ្មោះ Taigei មានន័យថា ត្រីបាឡែន ក្នុងភាសាជប៉ុន ត្រូវបានដាក់បង្ហាញនាវាមុជថ្មីរបស់ខ្លួន នៅកន្លែងសាងសង់នាវានៅភាគខាងលិចនៃប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ហើយនេះគឺជានាវាមុជទឹកទី២២ របស់ខ្លួន ដែលគ្រោងនឹងដាក់ឲ្យដំណើរការក្នុងកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ខែមីនា នៅក្នុងឆ្នាំ២០២២ខាងមុខនេះ។ មិនតែប៉ុណ្ណោះ នាវាមុជទឹកមួយនេះ មានទម្ងន់៣០០០តោនត្រូវបានសាងសង់ដោយក្រុមហ៊ុន Mitsubishi។
នាវាមុជទឹកមួយគ្រឿងនេះ មានបំពាក់អាគុយប្រភេទ Lithium Ion ដែលអាចស្ថិតនៅក្នុងទឹកបានរយៈពេលយូរ ជាងនាវាមុជទឹករបស់ជប៉ុនមុនៗ និងអាចផ្ទុកកងនាវិក បានចំនួន ៧០នាក់។ ដោយមានប្រវែង ៨៤ម៉ែត្រ កម្ពស់៩,១ម៉ែត្រ និងចំណាយថវិកាប្រមាណ ៧២០លានដុល្លារ។នាវាមុជទឹកនេះត្រូវបានសាងសង់បែបជានាវាឈ្លបការណ៍។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ។
សូមជម្រាបថា បច្ចុប្បន្នជប៉ុន បានដាក់ឲ្យដំណើរការនាវាមុជទឹកប្រភេទOyashio ចំនួន ៩គ្រឿង និងនាវាមុជទឹកប្រភេទ Soryu ចំនួន ១១គ្រឿង។ នៅឆ្នាំ២០២១ ជប៉ុនគ្រោងដាក់ឲ្យដំណើរការនាវាមុជទឹកប្រភេទ Soryu មួយគ្រឿងទៀត។
គួរបញ្ជាក់ថា ដោយផ្អែកទៅតាមការណែនាំកម្មវិធីការពារជាតិឆ្នាំ២០១០ជប៉ុន បានដាក់គោលដៅបង្កើនចំនួននាវាមុជទឹកពី ១៦គ្រឿង មក២២គ្រឿង ដើម្បីការពារ និងប្រឆាំងសកម្មភាពរបស់ចិន នៅក្នុងសមុទ្រចិនខាងកើត ក៏ដូចជាប្រជុំកោះមានជម្លោះជាមួយចិន ។ ព្រោះការដាក់បង្ហាញនាវាមុជទឹកជាសាធារណៈបែបនេះ ធ្វើឡើងបន្ទាប់ពីនាវាល្បាតចិន ទើបតែចាកចេញពីតំបន់ ដែលជប៉ុនអះអាងថាជាដែនទឹករបស់ខ្លួន នៅក្បែរប្រជុំកោះSekaku ស្ថិតនៅក្នុងសមុទ្រចិនខាងកើត ៕ដោយ៖ស តារា