ព័ត៌មានទាន់ហេតុការណ៍៖

បារាំង​អនុម័តច្បាប់គ្រាមានអាសន្ននៅទីក្រុងចំនួន​៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩

ចែករំលែក៖

កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០ ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង បានប្រកាសអនុវត្តច្បាប់គ្រាមានអាសន្ននៅតំបន់ជាច្រើនទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាថ្មី។
បើទោះបី​ប្រទេសបារាំងបានរឹតបន្តឹង​ទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩ ប៉ុន្តែនៅមាន​ការឆ្លងរាលដាល​ជាច្រើនកើតឡើង​។ ទាំងនោះហើយទើបប្រធានាធិបតីបារាំងសម្រេច អនុវត្តច្បាប់គ្រាអាសន្នតែម្តង​។ ប្រធានាធិបតីម៉ាក្រុង បានប្រកាស
ទទួលស្គាល់ថា បារាំង​នៅតែមានករណីឆ្លងកូវីដ​-១៩ លើកទីពីរជាទ្រង់ទ្រាយធំ​។
ប្រធានាធិបតីម៉ាក្រុងបានប្រកាសថា​« វីរុសកូវីដ​-១៩ បានវាយប្រហារយើងរយៈពេល​ជាង៨ខែកន្លងមក ​ នៅពេលនេះយើងស្ថិតនៅក្នុងការឆ្លងដំណាក់កាលទីពីរ​ ដូច្នេះត្រូវតែមានវិធានការទប់ស្កាត់ឲ្យបានល្អបំផុត»។
ដើម្បីបញ្ចៀសវិបត្តិទ្រង់ទ្រាយធំកើតឡើង ប្រធានាធិបតី ម៉ាក្រុង បានសម្រេចអនុវត្តច្បាប់គ្រាអាសន្ន នៅទីក្រុងប៉ារីស​និងខេត្តក្រុងចំនួន​៨ទៀត រួមមាន Lille, Grenoble, Lyon, Aix-Marseille, Montpellier, Rouen, Toulouse និង Saint-Etienne។ ច្បាប់គ្រាមានអាសន្ន នឹងចូលជាធរមានចាប់ពីថ្ងៃទី ១៧ខែតុលា ហើយពេលវេលាត្រូវ អនុវត្តនោះគឺនៅវេលាម៉ោង២១ យប់ដល់ម៉ោង​៦ព្រឹក ដោយត្រូវអនុវត្តរយៈពេល​១ខែពេញ។
ក្នុងពេលអនុវត្ត ពលរដ្ឋណាដែលបំពានច្បាប់នឹងទទួលរងការផាកពិន័យជាទឹកប្រាក់ ១៣៥ អឺរ៉ូ​ ហើយប្រសិនបើនៅតែបំពានលើកទីពីរគឺផាកពិន័យដល់ទៅ ១៥០០អឺរ៉ូ។ ប៉ុន្តែក៏មានករណីលើកលែងចំពោះអ្នកដែលចេញពីធ្វើការ ក្រោយម៉ោង​២១ និងបញ្ហាពាក់ព័ន្ធសុខាភិបាល​៕ដោយ៖ធី រីណា


ចែករំលែក៖