ស្ថានីយរថភ្លើងប៉ាត ឌីយើ(Part Dieu)ស្ថិតនៅទីក្រុង លីយ៉ុង(Lyon)ប្រទេសបារាំងត្រូវជម្លៀសពលរដ្ឋជាបន្ទាន់ទៅកាន់តំបន់មានសុវត្ថិភាព ក្រោយពេលរងការគំរាមវាយប្រហារដោយគ្រាប់បែក។ អ្នកដែលគំរាមវាយប្រហារគឺជាស្ត្រីមានកាបូបជាច្រើននៅតាមខ្លួន។
ប៉ូលិសទីក្រុងលីយ៉ុងបានឲ្យដឹងថា ក្រោយរងការគំរាមកំហែង កម្លាំងសន្តិសុខបានខិតខំជម្លៀសពលរដ្ឋចេញពីស្ថានីយPart Dieu ទៅកាន់តំបន់មានសុវត្ថិភាព។ ស្ត្រីដែលគំរាមកំហែងខាងលើត្រូវបានប៉ូលិសចាប់ខ្លួន ។ ភ្លាមៗនោះក្រុមជំនាញដោះមីនក៏បានទៅដល់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ។
តំបន់នៅជុំវិញស្ថានីយក៏ត្រូវឡោមព័ទ្ធដើម្បីស្រាវជ្រាវស្វែងរក ខ្លាចមានការបង្កប់គ្រប់បែក។ ការគំរាមកំហែងខាងលើកើតឡើង ក្រោយគ្រូបង្រៀនប្រវត្តិសាស្ត្របារាំងត្រូវភេរវករកាត់ក្បាល។
កន្លងមក ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានសន្យាថានឹងកម្ចាត់ក្រុមភេរវកម្មអ៊ិស្លាមចេញពីប្រទេសបារាំង ។ លោកម៉ាក្រុងបញ្ជាក់ថា បារាំងនឹងមិនលើកលែងដល់បុគ្គល ក្រុម ទាំងឡាយណាដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិឡើយ៕ ធី រីណា