ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍​American Airlines ខាតបង់ប្រាក់ដល់ទៅ​២,៤ពាន់លានដុល្លារក្នុងត្រីមាសទី​៣

ចែករំលែក៖

ក្រុមហ៊ុនអាកាសចរណ៍​អាមេរិក American Airlines បានប្រកាសខាតបង់ប្រាក់ដល់ទៅ ២,៤ពាន់លានដុល្លារ ក្នុងត្រីមាសទី​៣​ដោយសារតែប្រាក់ចំណូលរបស់ក្រុមហ៊ុនថយចុះដល់ទៅ ៧៣ភាគរយ​ព្រោះតែការផ្អាកការហោះហើរ​បណ្តាលមកពីកូវីដ​-១៩ ។
កាលពីថ្ងៃទី២២ខែតុលា ក្រុមហ៊ុន​American Airlines ​បានប្រកាស ក្នុងរយៈពេល៣ខែកន្លងមក បានសម្រេចកាត់បន្ថយការចំណាយ​ដល់ទៅ៤៤លានដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ ។ ចំណែកនៅក្នុងត្រីមាសទីពីរ គឺការចំណាយដល់ទៅ ៥៨លានដុល្លារក្នុងមួយថ្ងៃ។
នាយកប្រតិបត្តិក្រុមហ៊ុន​ American Airlines ​លោកDoug Parker បានបញ្ជាក់ថា « ​ក្នុងត្រីមាសទី​៣ យើងបានកាត់បន្ថយការចំណាយជាច្រើន ប៉ុន្តែបានបង្កើតប្រសិទ្ធភាពដើម្បីផ្តល់ទំនុកចិត្តដល់អ្នកដំណើរ ក្រោយការធ្វើដំណើរតាមយន្តហោះឡើងវិញ ពេលកូវីដ​-១៩បានបញ្ចប់។
លោក​Doug Parker បានបញ្ជាក់ថា ការកាត់បន្ថយការចំណាយគឺផ្តោតទៅលើការកាត់បន្ថយជើងហោះហើរ ដោយឲ្យយន្តហោះជាច្រើនផ្អាកការហោះហើរ។ ក្រុមហ៊ុនក៏បានខ្ជីប្រាក់៥,៥ពាន់លានដុល្លារពីក្រសួងហិរញ្ញវត្ថុអាមេរិកផងដែរ​។
ក្រុមហ៊ុនអាកាសចរណ៍ American Airlines ​ ក៏បានផ្អាកបុគ្គលិកដល់ទៅ​១៩.០០០នាក់ ហើយខិតខំស្វែងរកប្រាក់ជំនួយពីបណ្តារដ្ឋ ប៉ុន្តែមិនទទួលបានជោគជ័យ​ឡើយ។​ ជាមួយគ្នានោះក៏មានបុគ្គលិកត្រូវឈប់សម្រាកច្បាប់ ​ដល់ទៅ​២ម៉ឺននាក់ក្នុងរយៈពេលយូរខណៈក្រុមហ៊ុនជួបឧបសគ្គ​៕ ធី រីណា


ចែករំលែក៖