អន្តរជាតិ៖ ថ្លែងក្នុងសុន្ទរកថាដើម្បីប្រារព្ធខួបទី៧០ឆ្នាំដែលកងទ័ពចិនចូលរួមក្នុងសង្គ្រាមកូរ៉េប្រឆាំងកងទ័ពអាមេរិក ប្រធានាធិបតីចិនលោកស៊ី ជិនភីង បានព្រមានអាមេរិកថា៖ ចិនមិនញញើតធ្វើសង្គ្រាមឡើយ ហើយកងទ័ពចិនត្រៀមលក្ខណៈប្រយុទ្ធជានិច្ច។ ហើយនេះក៏ជាសង្គ្រាមតែមួយគត់ដែលកងទ័ពចិន និងអាមេរិកប្រយុទ្ធគ្នាដោយផ្ទាល់ផងដែរ។
លោក ស៊ី ជិនភីង បានថ្លែងពីវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ២៣ ខែតុលាម្សិលមិញនេះ ដោយលើកឡើងថា ជោគជ័យសង្គ្រាមកូរ៉េឆ្នាំ១៩៥០–៥៣ ជាការក្រើនរំឮកមួយថា ប្រជាជាតិចិនមិនញញើតធ្វើសង្គ្រាមជាមួយប្រទេសណាដែលហ៊ានបង្កបញ្ហានៅមាត់ទ្វារផ្ទះរបស់ខ្លួនឡើយ។
លោកប្រធានាធិបតីចិនរូបនេះ ដោយចង់សំដៅលើសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ថា៖«កាលពី៧០ឆ្នាំមុន ពួកឈ្លានពានចក្រពត្តិនិយមបានបើកការវាយប្រហារនៅមាត់ទ្វារផ្ទះរបស់ប្រទេសចិនថ្មី»។ លោក ស៉ី បន្តថាប្រជាជនចិន នឹងមិនបង្កបញ្ហា តែក៏មិនខ្លាចពួកវាឡើយ។
លោកស៊ី ជិនភីង សង្កត់ធ្ងន់ថា៖«យើងនឹងមិននៅស្ងៀម ហើយឱបដៃឈរមើលគេបំផ្លាញអធិបតេយ្យភាពជាតិយើងឡើយ។ យើងក៏នឹងមិនអនុញ្ញាតឲ្យកម្លាំងណាមួយឈ្លានពាន ឬបំបែកបំបាក់ទឹកដីដ៏វិសេសនៃមាតុប្រទេសយើងផងដែរ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
ជាក់ស្តែងនៅក្នុងសុន្ទរកថារបស់ប្រធានាធិបតីលោក ស៊ី ជិនភីង អះអាងថាចិនត្រូវការពន្លឿនការធ្វើទំនើបកម្មយោធារបស់ខ្លួនដើម្បីកសាងយោធាលំដាប់ថ្នាក់ពិភពលោកមួយ ហើយធានាថា បក្សកុម្មុយនីស្តចិន រក្សាភាពជាអ្នកដឹកនាំផ្ដាច់មុខលើវិស័យយោធា។
សូមជម្រាបផងថា មន្ទីរបញ្ចកោណអាមេរិក កាលពីថ្ងៃទី ២១ ខែតុលាកន្លងទៅ ក៏បានប្រកាសថា ខ្លួនបានយល់ព្រមលក់មីស៊ីលក្នុងទំហំទឹកប្រាក់១ពាន់លានដុល្លារទៅឲ្យកោះ តៃវ៉ាន់ ។ ភ្លាមៗចិន ក៏គំរាមចាត់វិធានការវាយបកអាមេរិកវិញ ហើយចាត់ទុករឿងនេះជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ដ្បិតប៉េកាំងតែងចាត់ទុកតៃវ៉ាន់ជាទឹកដីខ្លួន។
គួរបញ្ជាក់ថា សង្គ្រាមកូរ៉េ គឺជាការប្រយុទ្ធគ្នាដោយផ្ទាល់ទ្រង់ទ្រាយធំទីមួយនិងតែម្ដងគត់រវាងកងទ័ពចិននិងសហរដ្ឋអាមេរិក។ យោងតាមរដ្ឋាភិបាលចិន ទាហានចិនជាង ១៩៧ ០០០នាក់ បានស្លាប់អំឡុងសង្គ្រាម៣ឆ្នាំ ដែលបានផ្អាកក្រោយមានបទឈប់បាញ់កាលពីឆ្នាំ១៩៥៣ហើយជាលទ្ធផលកូរ៉េត្រូវបានពុះចែកជាពីរ ត្រង់ខ្សែបន្ទាត់ទី៣៨៕ដោយ៖ស តារា