ភ្នំពេញ៖ តាមរយៈ ព្យុះទី ១៨ (MOLAVE) ចាប់ពីថ្ងៃទី ២៨-២៩ ខែតុលា អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង ខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន និងវាលទំនាប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា យោងការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា នៅព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ នេះ វិសម្ពាធមួយ ដែលបានកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើតកៀកនឹងប្រទេសហ្វីលីពីន បានវិវត្តខ្លួនជាបន្តបន្ទាប់ទៅជា ព្យុះទី ១៨ ឈ្មោះ ម៉ូឡាវ (MOLAVE) ដោយដើរចូលទៅភាគកណ្តាលប្រទេសហ្វីលីពីន ។ តាមការព្យាករ ព្យុះនេះ នឹងបង្កើនឥទ្ធិពលជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន រួចចូលមកក្នុងសមុទ្រចិនខាងត្បូង នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២០ ហើយបានថមថយឥទ្ធិពលនៅពេលចូលមកដល់ប្រទេសវៀតណាម ត្រង់ម្តុំចំណុចក្វាងងៃ (Quang Ngai) នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០ រួចបន្តដំណើរចូលលើតំបន់ប៉ាសុងរបស់ប្រទេសឡាវ ដោយថមថយឥទ្ធិពលទៅជាវិសម្ពាធ និងសម្ពាធទាប នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២០ មានស្ថានភាព ដូចខាងក្រោម ៖
– បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង
– បណ្តាខេត្តនៅតំបន់វាលទំនាប រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិននិងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើន ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសបងប្អូនប្រជាពលរដ្ឋដែលនៅតំបន់ខាងលើ សូមជ្រាបជាព័ត៌មាន និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ។
ក្រសួងធនធានទឹក និងឧតុនិយម បាន និងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុមានការប្រែប្រួល ៕
ដោយ៖សុខ ខេមរា