ខេត្តកណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនកម្មការិនីរោងចក្រម្នាក់យកបន្តោងខ្សែកស្ពាន់ស្រោបប្លាទីនទៅបញ្ចាំ កាលពីវេលាម៉ោង១និង៥៥នាទីរសៀលនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្សារព្រះប្រសប់ ក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ វ៉ិន សុគុណ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះឈ្មោះ លី សៀកឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអលង្ការ មានទីលំនៅភូមិ-ឃុំកើតហេតុ។
វត្ថុតាងចាប់យក៖ បន្តោងខ្សែករូបសិង្ហពណ៌លឿង១ មានដាំត្បូងពណ៌សច្រើនគ្រាប់ (បន្តោងស្ពាន់ស្រោបប្លាទីនរបស់ជនសង្ស័យ), ប្រាក់រៀល៥២០.០០០៛ និងលិខិតទទួលបញ្ចាំ( របស់ជនរងគ្រោះ)។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានយកបន្តោងខ្សែករូបសិង្ហ១ធ្វើពីស្ពាន់ស្រោបប្លាទីន មានដាំត្បូងពណ៌ស ទៅដាក់បញ្ចាំឱ្យជនរងគ្រោះ បានប្រាក់៥២០.០០០រៀល ពេលនោះជនរងគ្រោះបានសួរជនសង្ស័យថា បញ្ចាំយកប្រាក់ធ្វើអ្វី? ជនសង្ស័យឆ្លើយថា យកប្រាក់ព្យាបាលជំងឺប្អូននៅមន្ទីរពេទ្យព្រែកតាមាក់ ហើយជនរងគ្រោះសួរទៀតថា មន្ទីរពេទ្យមួយណា? ជនសង្ស័យឆ្លើយថាមិនស្គាល់ រួចដើរចេញទៅបាត់ពេលនោះជនរងគ្រោះមានការសង្ស័យបានយកបន្តោងខ្សែកនោះមកដុះមើលក៏ចេញសាច់ស្ពាន់ទើបដឹងថាចាញ់បោកគេ ហើយប្រើប្អូនឈ្មោះ លី ផល្លា ជិះម៉ូតូតាមរកជនសង្ស័យ ក៏ឃើញជនសង្ស័យនៅការាសសាំងគល់ស្ពានព្រែកតាមាក់ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ព្រះប្រសប់។
បន្ទាប់មកកម្លាំងប៉ុស្តិ៍បញ្ជូនជនសង្ស័យ និងដកហូតវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីបន្តនីតិវិធី៕
ជ្រោយពេជ្រ