ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេងជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធចុះពិនិត្យនិងធ្វើរបាយការណ៍បន្ទាន់ពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធដោយជំនន់ទឹកភ្លៀង ដើម្បីជួសជុលនិងស្តារឡើងវិញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរ ខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធទាំងអស់ធ្វើរបាយការណ៍ឲ្យបានជាក់លាក់និងជា បន្ទាន់ដើម្បីស្រង់ទិន្នន័យនៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងដំណាក់កាលលិចលង់ដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃកន្លងមកនេះ ។

    ការជំរុញបែបនេះគឺដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញមានរបាយការណ៍ជាក់លាក់មួយបញ្ជូនទៅក្រសួងមហាផ្ទៃក៏ដូចជារាជរដ្ឋាភិបាល ក្នុងការសុំថវិកាជាតិយកមកធ្វើការជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតនេះឲ្យបានល្អប្រសើរឡើងវិញ។

ការជំរុញបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងក្នុងកិច្ចប្រជុំមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធ នារសៀលថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះបានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតាមបណ្តាខណ្ឌមួយចំនួនពិសេសខណ្ឌនៅជាយក្រុងបានទទួលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ ។ ដូច្នេះលោកស្នើឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំងអស់រួមជាមួយនិឹងមន្ទីរពាក់ព័ន្ធ ត្រូវចុះពិនិត្យនិងធ្វើរបាយការណ៍ឲ្យបានលឿនដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញ មានរបាយការណ៍ជូនទៅរាជរដ្ឋាភិបាលក្នុងការសុំថវិកាយកមកធ្វើការជួសជុលកែលម្អការខូចខាតនេះឡើងវិញ ពិសេសគឺការកសាងនូវប្រព័ន្ធលូ ប្រឡាយបង្ហូរទឹក និងការជួសជុលបណ្ដាផ្លូវដែលខូចខាតមួយចំនួនផ្សេងទៀត ដើម្បីតភ្ជាប់ឡើងវិញ សម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ហើយប្រជាកសិករដែលខូចខាតផលស្រូវ ដំណាំរួមផ្សំយើងក៏នឹងត្រូវផ្តល់ជូនពួកគាត់ផងដែរ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ផងដែរថា ក្នុងអំឡុងនៃការនៃការលិចលង់ដោយជំនន់ទឹកភ្លៀងនាប៉ុន្មានថ្ងៃនេះ បើគ្មានការដឹកនាំនិងចុះបញ្ជាផ្ទាល់ពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទេផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធនានានិងមានលក្ខណៈធ្ងន់ធ្ងរជាងនេះ តែដោយការខិតខំប្រឹងប្រែងជំរុញពីសំណាក់ លោកអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាទឹកជន់លិចនៅក្នុងរាជធានីភ្នំពេញនេះជាមួយនឹងកាយពង្រីកប្រឡាយបង្ហូរទឹកជាដើមបានធ្វើឱ្យផលប៉ះពាលមានលក្ខណៈធូរស្រាល។

លោកបញ្ជាក់ថា ការពង្រីកប្រឡាយបង្ហូរទឹកមានលក្ខណៈធំជាងមុននេះ ក្រោយពីការកាយប្រឡាយនេះហើយ យើងនឹងរក្សាប្រឡាយក្នុងទំហំដដែលដោយមិនមានការលុបដាក់ប្រព័ន្ធលូតូចទេ សំដៅធ្វើយ៉ាងណាកុំឲ្យមានបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងនេះ លិចលង់នៅឆ្នាំក្រោយៗទៀត៕ដោយ៖សំរិត


ចែករំលែក៖