ព័ត៌មានទាន់ហេតុការណ៍៖

សកម្មជនហុងកុង​៤រូបសុំចូលស្ថានកុងស៊ុលអាមេរិកដើម្បីភៀសខ្លួន

ចែករំលែក៖

សកម្មជននយោបាយ​នៅហុងកុង​៤រូប​​បានសុំចូលក្នុងស្ថានកុងស៊ុល អាមេរិកដើម្បីភៀសខ្លួន​ ក្រោយពេលប៉ូលិសកោះហុងកុងបានចាប់ខ្លួនអតីតមេដឹកនាំបាតុកម្មកាលពីឆ្នាំ​ទៅ។
សារព័ត៌មាន South China Morning Post (SCMP)​នៅរសៀលថ្ងៃទី​២៧ខែតុលា បានផ្សាយថា សកម្មជនហុងកុង​៤រូប​បានស្នើសុំចូលស្ថានកុងស៊ុលអាមេរិក ដើម្បីបញ្ចៀសការចាប់ខ្លួនពីកម្លាំងសន្តិសុខ ។
ឃ្លីបវីដេអូ​ដែល (SCMP)​ បានផ្សព្វផ្សាយបង្ហាញឲ្យឃើញថា មានមនុស្ស​៤នាក់បានរត់ទៅកាន់ផ្លូវ Garden ហើយនិយាយជាមួយក្រុមសន្តិសុខមុនពេលចូលក្នុងអគារស្ថានកុងស៊ុល​។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងចំណោមមនុស្ស​៤នាក់ដែលសុំសិទ្ធិភៀសខ្លួន មានម្នាក់ប្រឈមការចោទប្រកាន់ពីបទដឹកនាំធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល កាលពីឆ្នាំ​២០១៩​។

លោក Tony Chung Hon-lam អតីត​មេដឹកនាំក្រុមនិស្សិត​ត្រូវបាន​ក្រុមសន្តិសុខ៣នាក់ចាប់ខ្លួន​នៅវេលាម៉ោង​៨ព្រឹក នៅហាងកាហ្វេ​Pacific Coffee ទល់មុខ​ស្ថានកុងស៊ុលអាមេរិក។
គិតមកដល់ថ្ងៃទី​១៥ខែតុលា កម្លាំងប៉ូលិស​ហុងកុងបានចាប់ខ្លួនមនុស្ស​២៨នាក់ដោយចោទប្រកាន់ពីបទ​ ចូលរួមធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់​សន្តិសុខកោះហុងកុង។ ក្នុងចំណោមសកម្មជនហុងកុង​២៨នាក់ដែលបានចាប់ខ្លួន​ មាន​អ្នកខ្លះ​ត្រូវចាប់ខ្លួនដល់ទៅពីរលើក​​៕ដោយ៖ធី រីណា


ចែករំលែក៖