ខេត្តពោធិ៍សាត់ ៖ បុរស១នាក់ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនគរបាលដេញចាប់បាននាពេលប៉ុន្មានម៉ោងក្រោយ ខណៈបុរសសង្ស័យរូបនេះបានធ្វើសកម្មភាព លួចយកម៉ូតូ១គ្រឿងជាកម្មសិទ្ធរបស់បុគ្គលិកធនាគារហត្ថាកសិករ ប៉ុន្តែត្រូវបានម្ចាស់ដឹងនៅពេលជិះម៉ូតូចេញ ។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីលួចម៉ូតូនេះ បានកើតឡើងនៅវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃពុធ ១២កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចក្បែរភ្នំប្រ័យ៍ ស្ថិតនៅភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មាននានាជុំវិញកន្លែងកើតហេតុ ម៉ូតូ១គ្រឿងដែលជនសង្ស័យលួចបានសម្រេច ប៉ុន្តែជិះគេចខ្លួនមិនបានសម្រេចនេះម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G -5343 ជាកម្មសិទ្ធរបស់ឈ្មោះ ប៊ុន សៀងហាក់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធានាគារហត្ថាកសិករ(ឃុំឈើតុំ) បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។
ប្រភពព័ត៌មានបន្តថា ចំណែកជនសង្ស័យឈ្មោះ វី សាវីន ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅក្នុងបន្ទុកគ្រួសារឪពុកឈ្មោះ គឹម សាវី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម និងម្ដាយឈ្មោះ ហុីម សងះ អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម បច្ចុប្បន្ន រស់នៅភូមិដង្គៀមក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពដដែលបន្តទៀតថា ជនសង្ស័យ(វី សាវីន)បានធ្វើសកម្មភាពគ្រាដែលម្ចាស់ម៉ូតូ(ប៊ុន សៀងហាក់)កំពុងជួបជាមួយអតិថិជនដើម្បីបំពេញការងារ ប៉ុន្តែនៅពេលជិះម៉ូតូចេញម្ចាស់ឃើញហេតុការណ៍ក៏ស្រែកឲ្យគេឯងជួយ ស្របគ្នានោះមានអ្នកបើករថយន្ត១គ្រឿងក៏ជួយដេញតាម និងរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្ដរាគមន លុះទៅដល់ចំណុចអូររ៉ុង ស្ថិតនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើតុំ ជួយអន្ដរាគមនបង្រ្កាបបានទាំងវត្ថុតាង ។
ប្រភពបញ្ជាក់បន្ថែមបន្តទៀតថា នៅពេលសមត្ថកិច្ចនគរបាលសួរនាំ និងឆែកឆេ ឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន១កញ្ចប់តូច បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនបំពេញនីតិវិធី ចំណែកវត្ថុតាងម៉ូតូប្រគល់ម្ចាស់ ៕ដោយ៖បុឹម ពិន