ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌ​ពោធិ៍​សែន​ជ័យនឹង​ដាក់​លិខិត​ឲ្យ​រុះរើសំណង់បន្ថែមក្នុងបុរីពិភពថ្មីត្រពាំងថ្លឹងដោយ​ទុក​រយៈពេល​១០​ថ្ងៃ

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានចុះ​វាស់វែង​លើ​កំណាត់​ផ្លូវនៅ​ក្នុង​បុរី​ពិភព​ថ្មី​និង​បុរី​ពិភព​ថ្មី​២ ក្នុងភូមិ​ត្រពាំង​ថ្លឹ​ង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២០​នេះ​ និង​ដាក់​លិខិត​ឲ្យ​រុះរើសំណង់បន្ថែមដោយ​ទុក​រយៈពេល​១០​ថ្ងៃ ។

អាជ្ញាធរបានឲ្យដឹងថា​ ដោយសង្កេត​ឃើញ​ថា ម្ចាស់​បុរី និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​បុរីបាន​ធ្វើការ​សាងសង់​សំណង់​បន្ថែមនៅ​លើ​សំណង់​ចាស់ដែល​មាន​ស្រាប់​ខុស​ពី​ច្បាប់​អនុញ្ញាត​ឲ្យ​សាងសង់ ។ ម្យ៉ាងវិញទៀត ម្ចាស់​បុរីមិន​បាន​យកចិត្តទុកដាក់​ក្នុង​ការ​កែ​លម្អ​ប្រព័ន្ធ​លូ​បង្ហូរទឹករហូត​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះបាន​ធ្វើការ​សាងសង់​សំណង់​ផ្សេង​ៗបិទ​អណ្ដូង​លូ និង​ប្រព័ន្ធ​លូ​បង្ហូរទឹក​ថែម​ទៀត ។

អាស្រ័យ​ដូច្នេះ ដើម្បី​ចូលរួម​ការ​ស្ដារអណ្ដូង​លូ និង​កែ​លម្អ​ប្រព័ន្ធ​លូ​ឡើង​វិញ ចៀសវាង​ការ​ជន់​លិច​ដោយសារ​ទឹកភ្លៀង ឫ​ទឹកជំនន់​ផ្សេង​ៗ អាជ្ញាធរបានស្នើ​ដល់ម្ចាស់​បុរី និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​រស់នៅ​ក្នុង​បុរី ចូលរួម​រក្សា​ឲ្យ​បាន​នូវ​ស្ថាន​ភាព​ដើម មិន​ត្រូវសាងសង់​បន្ថែម និង​ត្រូវ​រុះរើសំណង់​នានាដែល​បាន​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​អណ្ដូង​លូ​ចេញ​ឲ្យ​អស់​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ ។

ក្នុង​ករណីអស់លោកលោកស្រីបងប្អូនពលរដ្ឋមិន​អនុវត្ត​តាមការ​ជូនដំណឹង​ខាងលើ​នេះ​ទេ រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យនឹង​មាន​វិធានការ​ចុះ​រុះរើ ដោយ​មិន​ទទួលខុសត្រូវ​លើ​ការ​បាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារ​ផ្សេង​ៗ ដែល​មាននៅ​លើ​ទីតាំង​នោះ​ឡើយ ។

បើ​តាម​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​បូមទឹក​ចេញពី​ក្នុង​បុរីឃើញ​ថា មក​ដល់​ពេល​នេះ ស្ថានភាព​ទឹកបាន​ស្រក​អស់ពី​ក្នុង​បុរី​ហើយ ។ប៉ុន្តែអ្វី​ដែល​នៅ​សេសសល់ គឺ​ក្រុមការងារ​កំពុង​បន្ត​បូម​ស្តារ​លូ បាញ់​ទឹក​លាង​សម្អាត កើប​សម្អាត​ភក់ សំរាម និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​បុរី ដែលខណៈ​នេះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​៩០% បាន​មក​ចូល​រស់នៅ​តាម​លំនៅ​ឋាន​ជា​ធម្មតា​ហើយ ៕

​ដោយ៖សុខា សែនជ័យ


ចែករំលែក៖