ព័ត៌មានទាន់ហេតុការណ៍៖

ចោរឆក់២នាក់រួមនឹងកាំភ្លើងខ្លី១ដើម ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការហើយ

ចែករំលែក៖

      ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យ២នាក់ទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបនិងទូរស័ព្ទ) និងកាន់កាប់អាវុធដោយខុសច្បាប់។

ជនសង្ស័យទាំងពីរនាក់មានឈ្មោះ ៖

១- ម៉ែន សុភក្រ្តា ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរ អ្នកចាក់ភ្លេង (DJ) មានស្រុកកំណើតនៅខេត្តព្រៃវែង និងមានទីលំនៅបច្ចុប្បន្ន ផ្ទះជួលក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

២-ឈ្មោះ ចាង សុវណ្ណរតនៈ ហៅ តង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ ជាងឈើ មានស្រុកកំណើតនៅរាជធានីភ្នំពេញ និងមានទីលំនៅបច្ចុប្បន្នក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា កាលពីវេលាម៉ោងជាង២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅចំណុចផ្លូវលេខ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង កម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌបឹងកេងកង ចាប់ខ្លួនបានជនសង្ស័យ២នាក់ និងដកហូតកាំភ្លើងខ្លី១ដើមម៉ាក K59 ក្រោយពីរូបគេទាំងពីរធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទពីនារីម្នាក់ដែលកំពុងអង្គុយចុចទូរស័ព្ទ ហើយត្រូវបាននារីរងគ្រោះស្រែកឆោឡោផ្អើលដល់ប្រជាពលរដ្ឋយកកៅអីគប់ និងទាញទម្លាក់ពីលើម៉ូតូប្រតាយប្រតប់គ្នាធ្វើឲ្យជនសង្ស័យបម្រុងដកកាំភ្លើងខ្លីបាញ់រំដោះខ្លួន ក៏ជ្រុះកាំភ្លើងទៅលើដី ខណៈនោះកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌបឹងកេងកងមកដល់ជួយធ្វើអន្តរាគមន៍ចាប់វាយខ្នោះទាំង២នាក់តែម្ដង។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញជនសង្ស័យទាំងពីរនាក់បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់យកកាបូបនិងទូរសព្ទដៃពីនារីរងគ្រោះប្រាកដមែន ហើយរូបគេទាំងពីរតែងប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងធ្លាប់ធ្វើសកម្មភាពឆក់ចំនួន៣ដងហើយទាំងលើកនេះ ដោយលើកទី១ កាលពីអំឡុងខែតុលា ឆ្នាំ២០២០ ឆក់បានទូរស័ព្ទដៃ១គ្រឿងនៅចំណុចសាលារៀនសន្ធរម៉ុក លើកទី២កាលពីអំឡុងខែតុលា ឆ្នាំ២០២០ធ្វើសកម្មភាពឆក់មិនបានសម្រេចនៅចំណុចស្ពានអាកាស៥មករា ជាប់វិទ្យាស្ថានតិចណូ និងលើកទី៣នេះ ធ្វើសកម្មភាពមិនបានសម្រេចថែមទាំងត្រូវបានកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌបឹងកេងកងចាប់វាយខ្នោះតែម្តង៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖