ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង ១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវពង្រឹងលើ ការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋានឲ្យបានម៉ឺងម៉ាត់

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យ កងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤បន្តការពង្រឹងលើការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញឲ្យបានល្អប្រសើរ។
លោក ឃួង ស្រេង បានណែនាំ និងបញ្ជាបែបនេះ នៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ មានទាំងល្បែងតាមអនឡាញល្បែងស៊ីសងបៀ អាប៉ោង ជល់មាន់ ផ្នាល់បាល់ ជាដើម នៅតែបន្តកើតមាននៅក្នុងរាជធានីភ្នំពេញ ។ ដូច្នេះអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវចុះធ្វើការស្រាវជ្រាវនិងមានវិធានការ
បង្រ្កាប ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ។ដោយឡែកចំពោះអ្នកកត់ឆ្នោត កន្ទុយលេខ ឡូតូ យើងគួរចុះទៅណែនាំពួកគាត់ផងដែរ ដោយមិនគួរឲ្យពួកគាតឆ្នោតឡូតូដែលមានច្បាប់អនុញ្ញាតនេះ ដូចគេលក់អីវ៉ាន់ចាប់ហួយនោះទេ ។
ជាងនេះទៅទៀតលោកក៏បានណែនាំឲ្យមានវិធានការផងដែរ ទៅលើការបង្ក្រាបគ្រឿងញៀន ការជួញដូរមនុស្សនិងការពិនិត្យរដ្ឋបាលនៅតាមផ្ទះសំណាក់ ខុនដូនិងបុរីជាដើម ដើម្បីធ្វើយ៉ាងរក្សាបាននូវសន្តិសុខល្អល្អជូនប្រជាពលរដ្ឋ ។
លោកបញ្ជាក់ទៀតថា ចំពោះកិច្ចការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ អាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់យើងកន្លងមកនេះឃើញថា អនុវត្តបានល្អប្រសើរហើយ ប៉ុន្តែក៏នៅមានចំណុចខ្វះខាតមួយចំនួនផងដែរ ដែលយើងត្រូវខិតខំបំពេញបន្ថែមឲ្យបានល្អថែមទៀត ។ លោកថា យើងបានបំពេញការងារល្អហើយ តែបើយើងធ្វេសប្រហែសតែបន្តិចនោះ វានឹងនាំឱ្យយើងខូចឈ្មោះដែលយើងខំកសាងយ៉ាងលំបាកកន្លងមក ដូច្នេះត្រូវតែប្រឹងប្រែងនិងម៉ឺងម៉ាត់ ។
បន្ថែមពីលើនេះទៀត ចំពោះបញ្ហាសណ្តាប់ធ្នាប់សាធារណៈ លោកឃួង ស្រេង ក៏បានជំរុញឲ្យ អាជ្ញាធរពង្រឹងបន្ថែមផងដែរ ពិសេសលើបណ្ដោយផ្លូវទាំង១១ខ្សែដែលយើងបាននិងកំពុងអនុវត្ត ដោយមិនត្រូវឱ្យមានការរំលោភបំពាន ធ្វើឲ្យបាត់បង់សណ្ដាប់ ធ្នាប់នោះទេ។ដោយឡែកចំពោះឡានដឹកដី ដឹកខ្សាច់ដែលធ្វើឱ្យប្រឡាក់ផ្លូវធ្វើឱ្យដីហុយធ្វើឱ្យខូចផ្លូវអាជ្ញាធរបស់យើងក៏ត្រូវតែមានវិធានការអោយបានតឹងរឹងផងដែរ ៕ សំរិត


ចែករំលែក៖