ព័ត៌មានទាន់ហេតុការណ៍៖

នាយឧត្តមសេនីយ៍ វង្ស ពិសេន នាំយកអាវរងាចែកជូនទាហានជើងទឹក ដែលឈរជើងនៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ

ចែករំលែក៖

     ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំនារដូវរងានឹងចូលមកដល់ខាងមុខនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំយកអាវរងាជាច្រើនអាវ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនកងទ័ពជើងទឹកដែលកំពុងឈរជើងនៅមូលដ្ឋានសមុទ្ររាម ក្នុងខណ្ឌព្រៃនប់ ខេត្តព្រះសីហនុសម្រាប់ប្រើប្រាស់ក្នុងរដូវរងា។

នាឱកាសនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ សបញ្ជាក់ឲ្យឃើញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែនបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាក និង ទំនុកបំរុងថែបំប៉នផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងទ័ព ជាពិសេសរៀងរាល់រដូវកាល គឺរដូវភ្លៀងផ្តល់អាវភ្លៀង និង រដូវរងារផ្តល់អាវរងារ។ មិនតែប៉ុណ្ណោះនាយឧត្តមសេនីយ៍រូបនេះ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយនាវី និងពលនាវិកទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តបំពេញបេសកកម្មតាមតួនាទីភារកិច្ច និងសម្រេចបានជោគជ័យជាបន្តបន្ទាប់។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានធ្វើការពន្យល់ពីគុណតម្លៃ ក៏ដូចជាសារៈសំខាន់នៃសន្តិភាព សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ព្រមទាំងឧបាយកលទុច្ចរិត និងសកម្មភាពក្បត់ជាតិម្តងហើយម្តងទៀតរបស់ជនអគតិ ដែលតែងតែប៉ុនប៉ងធ្វើវិទ្ធង្សនាដល់ការអភិវឌ្ឍ តាមរយៈបំផុសបំផុល មួលបង្កាច់ បង្កចលាចលតាមគ្រប់រូបភាព ដើម្បីបង្កអស្ថិរភាពដល់សង្គមកម្ពុជា។

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានរម្លឹកដល់កងទ័ពឲ្យបន្តលើកកម្ពស់មនសិការស្នេហាជាតិ ស្មោះត្រង់រាជរដ្ឋាភិបាល រួមកម្លាំងសាមគ្គីការពារសន្តិភាព ទប់ស្កាត់ និងបង្រ្កាបទាន់ពេលវេលាចំពោះជនអគតិទាំងឡាយ ដែលមានឧបាយកលចង់បំផ្លាញសុខសន្តិភាពនិង បន្តថែរក្សារាល់សមិទ្ធផលនានា ដែលប្រសូត្រចេញពីនយោបាយឈ្នះឈ្នះ របស់មគ្គុទ្ទេសក៍ឯកសន្តិភាព សម្តេចតេជោ ហ៊ុន សែនដើម្បីនាំមកនូវវឌ្ឍនភាពនិង វិបុលភាពថែមទៀតសម្រាប់ប្រជាជន និងសង្គមជាតិ។

ក្នុងឱកាសនេះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៏បានថ្លែងគុណដល់កងកម្លាំងទាំងអស់អស់ ដែលបានចូលរួមក្នុងការងារជួយសង្រ្គោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនាពេលកន្លងមកថ្មីៗនេះតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិនិងអគ្គបញ្ជាការ។ ទន្ទឹមនោះ នាយឧត្ដមសេនីយ៍ បានផ្តាំផ្ញើបន្ថែមដល់កងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ចុះជួយប្រជាពលរដ្ឋក្នុងការងារដកស្ទូង និងប្រមូលផលផងដែរ។

ដោយឡែក ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ ជួសមុខឲ្យថ្នាក់ដឹកនាំ នាយនាវីនាយនាវីរងនិងពលនាវិក ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនកងទ័ព ហើយបានប្តេជ្ញាស្មោះត្រង់ដាច់ខាតចំពោះជាតិមាតុភូមិ និងប្រជាជន, គោរពអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងអនុសាសន៍របស់សម្តេច ដើម្បីបុព្វហេតុការពារខឿនឯករាជ្យជាតិ ការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសមិទ្ធផលនានារបស់សង្គមជាតិ៕

ដោយ៖ស តារា


ចែករំលែក៖