តាមសារព័ត៌មាន CNN នៅថ្ងៃទី៧ខែវិច្ឆិកាបានដកស្រង់ប្រភពព័ត៌មានពីសេតវិមានដែលបានបញ្ជាក់ថា ប្រធានាធិបតីត្រាំ«ចាប់ផ្តើមទទួលស្គាល់ជាមួយក្រុមជំនួយការរបស់លោកថា លទ្ធភាពនៃការយកឈ្នះនៅក្នុងរដ្ឋសំខាន់ៗកាន់តែពិបាក។
សកម្មភាពខាងលើបានបង្ហាញយ៉ាងច្បាស់ថា លោកត្រាំ បានត្រៀមលក្ខណៈទទួលស្គាល់លទ្ធផលបោះឆ្នោតនៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០ ក្រោយពេលរដ្ឋជាច្រើនមានសំឡេងគាំទ្រលោកបៃឌិនកើនឡើងខ្ពស់។ បើគិតពីសន្លឹកឆ្នោតសកលលោកបៃឌិន ទទួលបានដល់ទៅ ៧៤.៣០៥.៧៨៤សន្លឹក ចំណែកលោកត្រាំទទួលបាន៧០.១៧១.៦០៨សន្លឹក។
បើទោះបីយ៉ាងណាក្តី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះលើបណ្តាញសង្គមTwitter ថា ការដោះស្រាយតាមផ្លូវច្បាប់ទើបតែចាប់ផ្តើម ដូច្នេះលោក បៃឌិន មិនត្រូវប្រកាសពីជ័យជម្នះនោះឡើយ។
សារព័ត៌មាន Bloomberg បានផ្សាយថា លោកបៃឌិន មានគម្រោង ប្រកាសជ័យជម្នះនៅយប់ថ្ងៃទី៧ខែវិច្ឆិកានេះ។ បច្ចុប្បន្ន គណបក្សសាធារណរដ្ឋប្រចាំនៅរដ្ឋ Pennsylvania ដែលជារដ្ឋមានពលរដ្ឋរស់នៅជាង១៣លាននាក់ មានកៅអីតំណាងដល់ទៅ២០កៅអី បានស្នើដល់តុលាការបញ្ឈប់ការរាប់សន្លឹកឆ្នោតដែលបោះតាមប្រៃសណីយ៍។ ការបន្តរាប់សន្លឹកឆ្នោត នឹងធ្វើឲ្យលោកត្រាំត្រូវបាត់បង់ការនាំមុខ ។
នៅពេលនេះរដ្ឋយុទ្ធសាស្ត្រ ដូចជា Pennsylvania និងGeorgia ដែលមានកៅអីតំណាងក្នុងរដ្ឋទាំងពីរដល់ទៅ៣៦កៅអី នៅពេលនេះសន្លឹកឆ្នោតគាំទ្រលោកបៃឌិនបានកើនឡើងខ្ពស់។ ទាំងនោះហើយអាចជួយឲ្យលោកបៃឌិនអាចប្រកាសពីជ័យជម្នះរបស់ខ្លួនបាន៕ដោយ៖ធី រីណា