លោកបៃឌិនបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងបង្កើតឡើងតាមមូលដ្ឋាននៃវិទ្យាសាស្ត្រ និងរួមគំនិតការយកចិត្តទុកដាក់។ លោកបៃឌិនក៏បានអំពាវនាវដល់ក្រុមអ្នកគាំទ្រលោកត្រាំថា សូមផ្តល់ឱកាសដល់គ្នាម្នាក់ម្តង។
នៅពេលនេះអ្វីដែលលោកបៃឌិនត្រូវធ្វើដំបូងគេបង្អស់នោះគឺបង្កើតក្រុមទទួលបន្ទុកយុទ្ធនាការប្រឆាំងកូវីដ-១៩ ដែលមានសមាជិក១២នាក់ ហើយការបង្កើតនោះត្រូវធ្វើឡើងនៅថ្ងៃចន្ទ ទី៩ខែវិច្ឆិកា (ពេលវេលាអាមេរិក)។
គណៈកម្មការប្រឆាំងកូវីដ-១៩ របស់លោក បៃឌិនដឹកនាំដោយមនុស្ស៣រូបគឺ ឧត្តមសេនីយ៍Vivek Murthy (អតីតគ្រូពេទ្យវះកាត់) ទីពីរគឺ អតីតប្រធានគ្រប់គ្រងឱសថអាមេរិក David Kessler និង បណ្ឌិត Marcella Nunez-Smith មកពីមហាវិទ្យាល័យYale ។
នៅក្នុងសុន្ទរកថាដំបូងបង្អស់ ក្រោយជាប់ឆ្នោត លោកបៃឌិនបញ្ជាក់ថា នឹងចាប់ផ្តើមការងារដោះស្រាយបញ្ហាឆ្លងរាលដាលកូវីដ-១៩ ។ លោកបន្តទៀតថា «យើងនឹងស្តាសេដ្ឋកិច្ចប្រទេសជាតិ ការរស់នៅជួបជុំសប្បាយរីករាយ កម្មវិធីខួបកំណើត អាពាហ៍ពិពាហ៍ ពិធីចែកសញ្ញាបត្រ… យើងអាចធ្វើទៅបានលុះត្រាតែគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ជាមុនសិន»។
បច្ចុប្បន្នអាមេរិកមានអ្នកឆ្លងកូវីដ១៩ ជាង១០,១ លាននាក់ និងមានអ្នកស្លាប់កើនឡើងជាង ២៤៣ពាន់នាក់។ នោះជាការបាត់បង់យ៉ាងធំធេងរបស់អាមេរិក ។ ទាំងនោះហើយទើបលោកបៃឌិនសម្រេចទប់ស្កាត់កូវីដ-១៩ជាមុន៕ដោយ៖ធី រីណា