ភ្នំពេញ៖ នៅថ្ងៃរសៀលថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសជាថ្មីម្តងទៀតក្នុងការមិនអនុញ្ញាតឲ្យមានការជួបជុំប្រមូលផ្តុំគ្នាមានចំនួនច្រើន ។ ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងសុខាភិបាលបន្ទាប់ពីគេសង្កេតឃើញថាកម្មវិធីរៀបអាពាហ៍ពិពាហ៍ និងពិធីផ្សេងៗដែលមានការជួបជុំមនុស្សច្រើនបានមានច្រើនជាបន្តបន្ទាប់។
លោកស្រីឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្តថា ក្រសួងមិនដែលបានអនុញ្ញាតឲ្យមានការជួបជុំគ្នាដែលមានចំនួនច្រើននោះទេ ។
លោកស្រីបានបញ្ជាក់ថា ៖«កន្លងមកយើងអត់ដែលបានប្រកាសឲ្យបើកឲ្យមានការរៀបចំរៀបអាពាហ៍ពិពាហ៍ បុណ្យ និងពិធីផ្សេងៗ ដែលមានមនុស្សប្រមូលផ្តុំច្រើននោះទេ ហើយក្រសួងតែងតែអំពាវនាវឲ្យងប្អូនកាត់បន្ថយការជួបជុំឲ្យបានជាអតិបរមាទ្រង់ទ្រាយធំ ប៉ុន្តែក្នុងករណីចាំបាច់ មានការជួបជុំគ្នាត្រូវអនុវត្តរក្សាគម្លាតបុគ្គលពី១ម៉ែត្រកន្លះឡើងទៅ និងអនុវត្តវិធានការក្រសួងសុខាភិបាល» ។
អ្នកនាំពាក្យបានលើកឡើងថា បើសិនក្នុងករណីចាំបាច់បំផុតអ្នកដែលចូលរួមក្នុងពិធីត្រូវអនុវត្តដូចជា បាញ់អាល់កុល ជែល ស្ទង់កម្តៅ និងពាក់ម៉ាស់ ដែលជាវិធានការរបស់ក្រសួងសុខាភិបាលបានដាក់ចេញ ។
ជាមួយគ្នានោះដែរ លោកស្រីអ្នកនាំពាក្យបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះក្រសួងបាននិងកំពុងពិភាក្សាគ្នាក្នុងការហាមឃាត់ជាថ្មី ហើយបើមានអ្វីថ្មីក្រសួងនឹងចេញជាបន្តបន្ទាប់ ។ ពាក់ព័ន្ធនឹងការហាមឃាត់ចំពោះកម្មវិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យ និងកម្មវិធីផ្សេងៗអ្នកនាំពាក្យបានអះអាងថា ចាប់តាំងពីប្រកាសមិនអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីផ្សេងដូចជា រៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង និងពិធីផ្សេងៗកន្លងមក ក្រសួងមិនដែលបើកអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីនេះ(រៀបអាពាហ៍ពិពាហ៍ ជប់លៀង ឬពិធីផ្សេងៗ)នោះទេ ៕
ដោយ៖សូរិយា