ភ្នំពេញ៖ ក្រុមហ៊ុនលីនវតី(linvateyCo,.LTD)ដែលគេស្គាល់ថាជាក្រុមហ៊ុនចែកចាយផលិតផលល្បីឈ្មោះលំដាប់ពិភពលោកម៉ាក Pansyនៅកម្ពុជានោះបានប្រកាសចែកទឹកអាល់កុលម៉ាក Pansy ដោយមិនគិតថ្លៃ។ ការផ្តល់ជូននេះត្រូវបានធ្វើឡើងដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជាផងដែរ។
សកម្មភាពសប្បុរសធម៌ជួយដល់សង្គមនេះត្រូវបានធ្វើឡើងបណ្តើរៗហើយកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដែលការចែកទឹកអាល់កុលដោយមិនគិតថ្លៃនេះត្រូវបានធ្វើឡើងនៅហាងបុកល្ហុងបាងកកទល់មុខផ្សារទំនើបម៉ាក្រូខណ្ឌសែនសុខ។នេះបើយោងតាមការបញ្ជាក់លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ កញ្ញា វង្ស សុថាវតី នាយិកាក្រុមហ៊ុន លីនវតី ខណៈដែលសកម្មភាពនេះទទួលបានការសរសើរនិងលើកទឹកចិត្តជាច្រើនពីមហាជន។
កញ្ញាវង្សសុថាវតី នាយិកាក្រុមហ៊ុនលីនវតី(linvateyCo,.LTD) បានបញ្ជាក់ថា នេះគឺជាសកម្មភាពសប្បុរសធម៌ថ្មីមួយឆ្លើយតបទៅនឹងសកម្មភាពបន្ទាន់ដែលអាចជាចំណែកមួយជួយសងត្រឡប់ទៅសង្គមវិញ បើទោះបីជាការចែកនេះមិនបានគ្រប់ទីកន្លែងក៏ដោយ។ កញ្ញាថា ទឹកអាល់កុល ម៉ាក Pansy ជាផលិតផលប្រទេសថៃ មានស្តង់ដារ និងគុណភាពខ្ពស់ដែលអាចសម្លាប់មេរោគបាន។កញ្ញា មិនមានការកំណត់អំពីចំនួនដបឡើយគឺការចែករហូតដល់អស់ពីស្តុកតែម្តង ដែលប្រជាពលរដ្ឋទាំងអស់អាចមកយកដោយផ្ទាល់នៅទីតាំងខាងលើបាន។ ជាមួយគ្នានេះកញ្ញាក៏បានអំពាវនាវឲ្យប្រជាជនកម្ពុជារួមគ្នាក្នុងការថែរក្សាអនាម័យ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស់ លាងដៃដោយទឹកអាល់កុលជាប្រចាំ និងតាមដានរាល់ព័ត៌មានដែលផ្សព្វផ្សាយដោយក្រសួងសុខាភិបាល។ កញ្ញា ក៏ជូនពរដល់អតិថិជន ម្សៅ Pansy ក៏ដូចជាប្រជាពលរដ្ឋខ្មែរទាំងអស់ជួបប្រទះតែសេចក្តីសុខ សុភមង្គល រកទទួលទានមានបាន និងជៀសផុតពីជំងឺដ៏កាចសាហាវកូវីដ-១៩។
ទាំងនេះបានបង្ហាញពីសកម្មភាពមនុស្សធម៌ និងជាទឹកចិត្តល្អប្រពៃរបស់ក្រុមហ៊ុនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចូលរួមបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ពីការរីករាលដាលនៃជំងឺកូវីដ-១៩៕ ដោយ៖វឌ្ឍនា