ពិភពលោកកាន់តែមានសង្ឃឹមគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ បានក្នុងពេលឆាប់ៗនេះ ក្រោយពេលក្រុមហ៊ុនឱសថរបស់អាមេរិក និង អាល្លឺម៉ង់ ប្រកាសថាវ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពជាង ៩០ភាគរយ ក្រោយធ្វើតេស្តលើកទីបីលើមនុស្ស។
កាលពីថ្ងៃទី៩ខែវិច្ឆិកា ក្រុមហ៊ុនផលិតឱថស Pfizer របស់អាមេរិក និងក្រុមហ៊ុនឱសថBioNTech របស់អាល្លឺម៉ង់បានប្រកាសថា វ៉ាក់សាំង របស់ក្រុមហ៊ុនទាំងពីរសហការរួមគ្នាផលិត ហើយដាក់ឈ្មោះថាBNT162b2 មានប្រសិទ្ធភាពដល់ទៅជាង ៩០ភាគរយ ក្នុងការសាកល្បងលើមនុស្សដំណាក់កាលទីបី។ ព័ត៌មានខាងលើទទួលបានការអបអរសាទរពីពលរដ្ឋនៅជុំវិញពិភពលោកខណៈមានអ្នកឆ្លងកូវីដ-១៩ ជាង ៥១លាននាក់។
តាមលទ្ធផលជាបឋម វ៉ាក់សាំង ផលិតដោយក្រុមហ៊ុនប្រទេសទាំងពីរ មានប្រសិទ្ធភាព ការពារក្រោយរយៈពេល ៧ថ្ងៃ ចាក់លើកទីពីរ និងក្រោយរយៈពេល១២៨ថ្ងៃ។ លោកAlbert Bourla ប្រធានក្រុមហ៊ុនឱសថPfizer បានបញ្ជាក់ថា នេះជាសញ្ញាវិជ្ជមាន ដើម្បីឆ្ពោះទៅកាន់ការផលិតចែកចាយនៅលើពិភពលោក ទប់ស្កាត់កូវីដ-១៩។
អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom បានអបអរសាទរ ដល់ដំណឹងខាងលើ ។ ជាមួយគ្នានោះ ប្រធានសហគមន៍អឺរ៉ុប លោកស្រីUrsula von der Leyen ក៏បានជូនពរដល់ក្រុមហ៊ុនPfizer និង BioNTech ហើយ អឺរ៉ុបនឹងបញ្ជាទិញវ៉ាក់សាំងនោះ ៣០០លានដូសផងដែរ។ កាណាដា ក៏បានបញ្ជាទិញ ២០លានដូសផងដែរ។ ចំណែកក្រុមហ៊ុន Pfizer និង BioNTech បានប្រកាសថា នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុនអាចផ្គត់ផ្គង់បានត្រឹម ៥០លានដូស ប៉ុណ្ណោះ ហើយនៅឆ្នាំ២០២១ នឹងផ្គត់ផ្គង់បានដល់ទៅ១,៣ពាន់លានដូស៕ដោយ៖ធី រីណា