ព័ត៌មានទាន់ហេតុការណ៍៖

វ៉ាក់សាំង របស់អាមេរិក និងអាល្លឺម៉ង់ ធ្វើតេស្តមានប្រសិទ្ធភាពជាង ៩០ភាគរយក្តីសង្ឃឹមថ្មីក្នុងសង្គ្រាមប្រឆាំងកូវីដ-​១៩

ចែករំលែក៖

ពិភពលោក​កាន់តែមានសង្ឃឹម​គ្រប់គ្រង​ការឆ្លងរាលដាលកូវីដ​-១៩ បានក្នុងពេលឆាប់ៗនេះ ក្រោយពេលក្រុមហ៊ុនឱសថរបស់អាមេរិក និង អាល្លឺម៉ង់ ប្រកាសថា​វ៉ាក់សាំងរបស់ខ្លួន មានប្រសិទ្ធភាពជាង ៩០ភាគរយ ក្រោយធ្វើតេស្តលើកទីបីលើមនុស្ស​។
កាលពីថ្ងៃទី​៩ខែវិច្ឆិកា ក្រុមហ៊ុនផលិតឱថស Pfizer របស់អាមេរិក និងក្រុមហ៊ុនឱសថBioNTech របស់អាល្លឺម៉ង់​បានប្រកាសថា វ៉ាក់សាំង របស់ក្រុមហ៊ុនទាំងពីរសហការរួមគ្នាផលិត ហើយដាក់ឈ្មោះថាBNT162b2 មានប្រសិទ្ធភាព​ដល់ទៅជាង ៩០ភាគរយ ក្នុងការសាកល្បងលើមនុស្សដំណាក់កាលទីបី។ ព័ត៌មានខាងលើទទួលបានការអបអរសាទរពីពលរដ្ឋនៅជុំវិញពិភពលោកខណៈមានអ្នកឆ្លងកូវីដ-​​១៩ ជាង ៥១លាននាក់។
តាមលទ្ធផលជាបឋម វ៉ាក់សាំង ផលិតដោយក្រុមហ៊ុនប្រទេសទាំងពីរ មានប្រសិទ្ធភាព ការពារក្រោយរយៈពេល ៧ថ្ងៃ ចាក់លើកទីពីរ​ និងក្រោយរយៈពេល​១​២៨ថ្ងៃ។ លោក​Albert Bourla ប្រធានក្រុមហ៊ុន​ឱសថ​Pfizer បានបញ្ជាក់ថា នេះជាសញ្ញាវិជ្ជមាន​ ដើម្បីឆ្ពោះទៅកាន់ការផលិតចែកចាយនៅលើពិភពលោក ទប់ស្កាត់កូវីដ-​១៩​។
អគ្គនាយកអង្គការ​សុខភាពពិភពលោក Tedros Adhanom បានអបអរសាទរ ដល់ដំណឹងខាងលើ ។ ជាមួយគ្នានោះ ប្រធានសហគមន៍អឺរ៉ុប លោកស្រីUrsula von der Leyen ក៏បានជូនពរដល់​ក្រុមហ៊ុនPfizer និង BioNTech ហើយ អឺរ៉ុបនឹងបញ្ជាទិញវ៉ាក់សាំងនោះ ៣០០លានដូសផងដែរ​។ កាណាដា ក៏បានបញ្ជាទិញ ២០លានដូសផងដែរ​។ ចំណែកក្រុមហ៊ុន Pfizer និង BioNTech បានប្រកាសថា នៅក្នុងឆ្នាំ​២០២០ ក្រុមហ៊ុនអាចផ្គត់ផ្គង់បានត្រឹម ៥០លានដូស ប៉ុណ្ណោះ ហើយនៅឆ្នាំ​២០២១ នឹងផ្គត់ផ្គង់បានដល់ទៅ​១,៣ពាន់លានដូស​៕ដោយ៖ធី រីណា


ចែករំលែក៖