ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយជាច្រើនថ្ងៃស្ងប់ស្ងៀម ចិនបានជូនពរលោកបៃឌិន​ជាប់ឆ្នោតប្រធានាធិបតីអាមេរិក​

ចែករំលែក៖

ចិនជាប្រទេសមួយនៅក្នុងចំណោមប្រទេសជាច្រើន ក្នុងនោះមានរុស្ស៊ីផងដែរ ដែលមិនទាន់មានសកម្មភាពជូនពរប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក​នោះឡើយដោយរង់ចាំលទ្ធផល​ជាផ្លូវការ។ នៅថ្ងៃទី​១៣ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសចិន បានផ្ញើលិខិត​ជូនពរលោកបៃឌិន និងលោកស្រី កាម៉ាឡា ហារីស​ ដែលបានជាប់ឆ្នោតជាប្រធានាធិបតីនិងជាអនុប្រធានាធិបតីអាមេរិក​។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រកាសថា​« យើងបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពប្រែប្រួល​ក្នុងការបោះឆ្នោតអាមេរិក​។ យើងគោរពទៅតាមការជ្រើសរើសរបស់ពលរដ្ឋអាមេរិក ​ហើយយើងបានផ្ញើលិខិតជូនពរដល់​អ្នកជាប់ឆ្នោតថ្មីគឺលោក បៃឌិន និងលោកស្រី​ ហារីស​»។
ក្រសួងការបរទេសចិន​បានបញ្ជាក់ថា លទ្ធផលបោះឆ្នោតអាមេរិក នឹងសម្រេចដោយប្រព័ន្ធច្បាប់របស់អាមេរិក​។ លោកបៃឌិន កាលពីថ្ងៃទី​៧ខែវិច្ឆិកា​បានប្រកាសពីជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី​៣ខែវិច្ឆិកា​។ ចំណែកលោកប្រធានាធិបតី ស៊ី ជីនពីង មិនទាន់ជូនពរលោកបៃឌិននៅឡើយទេ​។
សារព័ត៌មាន Bloomberg បានផ្សាយថា ​ចិនស្ថិតនៅក្នុងចំណោមប្រទេសមហាអំណាច ដែលមិនមានប្រតិកម្ម​ វាយតម្លៃការបោះឆ្នោតអាមេរិក​ដោយរង់ចាំមើលលទ្ធផលឲ្យបានច្បាស់​។
នៅពេលនេះលោកត្រាំ មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតនៅឡើយទេ ដោយលោកបន្តប្តឹងនៅក្នុងរដ្ឋយុទ្ធសាស្ត្រ​​ដែលមានសំឡេងគាំទ្រលើសគ្នាតិចតួចប៉ុណ្ណោះ៕ ធី រីណា


ចែករំលែក៖