ព័ត៌មានទាន់ហេតុការណ៍៖

លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារនាំយកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងទ្វេចែកជូនដល់នាយអាវុធហត្ថ និងពលអាវុធហត្ថ

ចែករំលែក៖

ខេត្តព្រះវិហារ៖ លោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បាននាំអំណោយអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនដល់នាយអាវុធហត្ថ និងពលអាវុធហត្ថ។

លោក កង សៅគុណ បានថ្លែងទៅកាន់នាយអាវុធហត្ថ និងពលអាវុធហត្ថថា ជារៀងរាល់ឆ្នាំពេលដល់រដូវវស្សា សម្ដេចតែងតែនាំអំណោយអាវភ្លៀង ដល់ខែរងាសម្តេចតែងតែនាំយកអំណោយអាវរងានេះមកចែកជូនដល់កងកម្លាំង កងរាជអាវុធហត្ថនិងគ្រប់បណ្តាអង្គភាព ខេត្តរាជធានីខេត្ត នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះសុខទុក្ខ និងការរស់នៅរបស់កងកម្លាំងប្រដាប់អាវុធ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត  ក៏បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សារដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងការពារសុខសន្តិភាព ដែលមានមកដល់សព្វថ្ងៃនេះឲ្យនៅគង់វង្សយូរអង្វែង ដើម្បីធ្វើឲ្យប្រទេសជាតិកាន់តែមានការអភិវឌ្ឍ រីកចម្រើនតទៅមុខបន្តទៀត ដើម្បីអនាគតកូនចៅជំនាន់ក្រោយៗទៀត  ជាពិសេសត្រូវប្រឆាំងដាច់ខាតចំពោះជនណា ឬក្រុមណា ដែលមានបំណងញុះញង់បង្កើតចលាចលចង់បំផ្លាញ សុខសន្តិភាពនៅក្នុងសង្គមជាតិ។

ទន្ទឹមនឹងនេះដែរ ត្រូវខិតខំបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវបង្រ្កាបបទល្មើសនានាតាមគោលដៅ ឈរជើងរៀងៗខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់  រួមមានបទល្មើសគ្រឿងញៀន បទល្មើសធនធានធម្មជាតិជាដើម និងត្រូវរក្សាសុខភាព អនាម័យក្នុងការរស់នៅឲ្យបានល្អ ដើម្បីការពារពីជំងឺផ្សេងៗ ពិសេសត្រូវអនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារឱ្យជៀសផុតពីជំងឺកូវីដ-១៩ ដ៍កាចសាហាវនេះ៕

ដោយ៖មាស សុផាត


ចែករំលែក៖