ព័ត៌មានទាន់ហេតុការណ៍៖

យកដុំថ្មដោះស្រាយគំនុំចាស់ ម្នាក់ចូលពេទ្យ ៦នាក់ចូលទ្រុង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានបញ្ជូនយុវជនមួយក្រុមទៅតុលាការនៅរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២០នេះក្រោយពីបានយកដុំថ្មគប់ទៅលើយុវជនម្នាក់ទៀតដើម្បីរំសាយកំហឹង។

   លោក យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថមូលដ្ឋានក្រុងសិរីសោភ័ណបានដឹងថា កាលពីវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីហិង្សាមួយបានកើតឡើងបង្កដោយក្រុមយុវជនមានគ្នា៦នាក់បានយកដុំថ្មគប់ទៅលើយុវជនម្នាក់ទៀតបណ្តាលឱ្យបាក់ថ្គាមខាងឆ្វេង នៅចំណុចតារាងបាល់ទាត់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ   ហើយត្រូវក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅទីបញ្ជាការកងរាជអាវុធហត្ថក្រុង។ ក្រោយទទួលបានបណ្តឹងហើយ ក្រុមការងារបានធ្វើការស្រាវជ្រាវភ្លាមៗហើយឈានដល់ឃាត់ខ្លួនយុវជនមួយក្រុមជាបក្សពួកមានគ្នា៦នាក់គឺ១-ឈ្មោះ ឈន ឆានុន ភេទប្រុស, ២-ឈ្មោះ សាមុនី សុធេប ភេទប្រុស, ៣-ឈ្មោះ មាស វាសនា (ហៅសី) ភេទប្រុស, ៤-ឈ្មោះ ឈួយ ខាន់ឈីត ភេទប្រុស, ៥-ឈ្មោះ ផាត សុភ័ក្រ្ដ (ហៅទី) ភេទប្រុស និង ៦-ឈ្មោះ ងួន ចាន់រះ ភេទប្រុស យកមកសួរនាំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ពួកគេទាំង៦នាក់បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើឈ្មោះ គ្រិច សុជាតិ បណ្តាលឱ្យបាក់ថ្គាមឆ្វេងប្រាកដមែន ដោយក្នុងនោះអ្នកគប់គឺឈ្មោះ ឈួយ ខាន់ឈីត ជាជនដៃដល់ដោយអ្នកទាំងពីរធ្លាប់មានជម្លោះពាក្យសម្តីជាមួយគ្នាកន្លងមក ៕ដោយ៖វណ្ណា


ចែករំលែក៖