ព័ត៌មានទាន់ហេតុការណ៍៖

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ក្នុងអាណត្តិទី៣ក្រោមអធិបតីភាពលោកប្រធានក្រុមប្រឹក្សាខេត្តនិងលោកអភិបាលខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២០ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងទទួលយកសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកាដើម្បីដោះស្រាយជូនពួកគាត់ ។វេទិកានេះបានធ្វើឡើងនៅមុខសាលាខេត្តស្ទឹងត្រែង ដោយប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត, លោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត និងលោកឈឹម រចនា ទីប្រឹក្សានៃរាជរដ្ឋាភិបាល រួមទាំងប្រជាពលរដ្ឋនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបចូលរួមផងដែរ ។

លោកឈាង ឡាក់  ប្រធានក្រុមប្រឹក្សាខេត្តក្នុងអាណត្តិទី៣នេះបានបញ្ជាក់ថា: គោលបំណងនៃការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ គឺដើម្បីបង្កើននូវវប្បធម៌ពិភាក្សា រវាងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានា សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាពនិងសមធម៌  ក្នុងកិច្ចដំណើការអភិបាលកិច្ចល្អ និងតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

 លោកប្រធានក្រុមប្រឹក្សាបានបន្ថែមថាវេទិកាពិគ្រោះយោបល់អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវេទិកានេះក៏បានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានាក្នុងឆ្នាំខាងមុខ។ ជាពិសេសនោះនឹងផ្តល់ឱកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភរួមទាំងបញ្ហាប្រឈមរបស់ខ្លួន ពិសេសក្នុងមូលដ្ឋានដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីឲ្យវាគ្មិនបកស្រាយនិងនាំយកបញ្ហាទាំងនោះមកពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

 នៅក្នុងវេទិកានេះដែលពលរដ្ឋមានបញ្ហានិងសំណូមពរចំនួន២៨ ដែលពួកគាត់បានលើកឡើង និងសំណូមពរក្នុងនោះសូមឲ្យអាជ្ញាធរពន្លឿនក្នុងការជួសជុលផ្លូវដែលរងការនូវការខូចខាត ការស្ថាបនាផ្លូវនៅតាមតំបន់ដែលកំពុងមានការខ្វះខាត បញ្ហាប្រព័ន្ធចែកចាយទឹក បញ្ហាអគ្គិសនីជាដើម ព្រមទាំងការបម្រើសេវាសាធារណៈ និងបញ្ហាប្រឈមផ្សេងៗជាច្រើនទៀត ។

មិនតែប៉ុណ្ណោះប្រជាពលរដ្ឋក៏បានសំណូមពរអំពីបញ្ហាសណ្តាប់ធ្នាប់សាធារណៈផងដែរ ដោយសូមឲ្យអាជ្ញាធរជូយផ្សព្វផ្សាយលើគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពផងដែរ ។ 

មានប្រសាសន៍នៅក្នុងឱកាសនោះដែរលោកម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងក៏បានឲ្យដឹងដែរថា រាល់បញ្ហាដែលប្រជាពលរដ្ឋបានលើកឡើង និងសំណូមពរដល់ថ្នាក់ដឹកនាំខេត្តដើម្បីស្វែងរកនូវដំណោះស្រាយមួយយ៉ាងល្អប្រសើរជូនប្រជាពលរដ្ឋ ហើយចំពោះបញ្ហាដែលនៅសេសសល់បន្ទាប់ពីការបកស្រាយរបស់អង្គភាពជំនាញពាក់ព័ន្ធថ្នាក់ដឹកនាំខេត្តនឹងយកទៅពិភាក្សានិងជំរុញឲ្យមានដំណោះស្រាយជាបន្តបន្ទាប់ ជាពិសេសនៅក្នុងកិច្ចប្រជុំនានារបស់រដ្ឋបាលសាលាខេត្ត ដែលមានវត្តមានគណៈអភិបាលនៃគណ:អភិបាលខេត្តនិងប្រធានក្រុមប្រឹក្សាខេត្តជាដើម។

 លោកអភិបាលខេត្តបានប្រាប់ប្រជាពលរដ្ឋថា សូមកុំឲ្យមានការព្រួយបារម្ភចំពោះបញ្ហាដែលបានកើតឡើង ព្រោះរដ្ឋបាលខេត្តនឹងខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន ដើម្បីឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋនិងដើម្បីពង្រឹងនូវការផ្តល់សេវាសាធារណៈធ្វើឲ្យមានគណនេយ្យភាព តម្លាភាព គុណភាព ប្រសិទ្ធភាព និងរួមចំណែកក្នុងការធ្វើឲ្យជីវភាពប្រជាពលរដ្ឋក្រុងស្ទឹងត្រែងយើងទាំងមូលកាន់តែប្រសើរឡើង។

សូមបញ្ជាក់ផងដែរថា វេទិកាពិភាក្សានិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី៣ ឆ្នាំ២០២០ មានអ្នកចូលរួមចំនួន២៦៧នាក់ ក្នុងនោះមានប្រជាពលរដ្ឋ១០១នាក់ ហើយបន្ទាប់ពីវេទិកានេះដោះស្រាយចប់ និងដោះស្រាយក្នុងសំណួរចំនួន២៨សំណួរនិងការសំណូមពររបស់បងប្អូនប្រជាពលរដ្ឋលើកឡើងក្នុងវេទិកានេះ ដោយក្នុងដែរនោះអាជ្ញាធរខេត្តក៏បានដោះស្រាយបានភ្លាមចំនួន២៦សំណូមពរ និងនៅសេសសល់២សំណួរទៀតទុកឱ្យអាជ្ញាធរខេត្តយកទៅពិភាក្សា និងស្វែងរកដំណោះស្រាយនៅពេលក្រោយផងដែរ៕

ដោយ៖ មាស សុផាត


ចែករំលែក៖