ព័ត៌មានទាន់ហេតុការណ៍៖

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុញ្ញាតឲ្យលោកPanyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃអង្គារ ២ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជនលោកទេសរដ្ឋមន្ត្រី គន់ គីម  អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុញ្ញាតឲ្យលោកPanyarak Poolthup ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ព្រមទាំង​សហការី​ ចូលជួបសម្តែងការគួរសម ។

ក្នុងឱកាសនេះលោកទេសរដ្ឋមន្ត្រី និងឯកអគ្គរាជទូតថៃ បានពិភាក្សាគ្នាលើបញ្ហាដូចជា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនាពេលកន្លងមក  រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ រវាងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជន និងប្រជាជន។

លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលថៃ ដែលបានបង្កនូវលទ្ធភាពល្អប្រសើរ នឹងបានជួយសម្របសម្រួលដល់ពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេសថៃ នេះគឺជាកិច្ចសហប្រតិបត្តិការមួយយ៉ាងល្អ ដែលភាគីថៃ បានផ្តល់មកដល់កម្ពុជា។ លោកក៏បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការល្អ ក្នុងការទប់ស្តាត់ ការឆ្លងដែនខុសច្បាប់ ដើម្បីបង្ការការីរាលដាលនៃជំងឺឆ្លងកូវីដ-១៩ នេះបញ្ជាក់ពីការសាមគ្គីភាពយ៉ាងល្អប្រសើរ នឹងជាប្រទេសអាស៊ានជិតខាងដ៏ល្អដែលបានរួបចំណែកជួយដល់កម្ពុជា។

ជាការឆ្លើយតប ឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា ដែលបានបង្កលទ្ធភាពគ្រប់បែបយ៉ាង ក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋថៃ ភ្ញៀវទេសចរណ៍ថៃ។ជាមួយគ្នានេះ ឯកអគ្គរាជទូតថៃ បានប្រគល់នៅវិភាគទាន ចំនួន៣០,០០០ដុល្លារ ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញក្រោយគ្រោះទឹកជំនន់។ ឯកអគ្គរាជទូតថៃ បានកោតសរសើរទេសរដ្ឋមន្ត្រី គន់ គីម ក្នុងការចុះជួយប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ដល់គោលដៅ តាមខេត្តដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ជាចុងក្រោយលោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនថៃ ដែលបានផ្តល់ជំនួយសម្រាប់ស្តារឡើងវិញដល់ខេត្តរងគ្រោះដោយទឹកជំន់ និងចូលរួមសហការ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយកម្ពុជា។

លោកទេសរដ្ឋមន្ត្រីបានចាត់ទុកកាយវិការរបស់រាជរដ្ឋាភិបាលថៃ ជាការឆ្លុះបញ្ចាំងឱ្យឃើញពីមិត្តភាព សាមគ្គីភាព រវាងកម្ពុជា និងថៃ៕

ដោយ៖ សូរិយា


ចែករំលែក៖