ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ អតីតមិត្តរួមជំនាន់សាលាបាក់ទូកមួយក្រុម ដែលបានប្រមូលផ្តុំចងក្រងគ្នាមកជាច្រើនឆ្នាំនោះ បានបន្តវប្បធម៌ជួយគ្នាក្នុងគ្រាលំបាកជាថ្មីទៀត បើទោះបីជាស្ថានភាពកម្ពុជាកំពុងប្រឈមជាមួយការរីករាលដាលនូវជំងឺឆ្លងកូវីដ-១៩ ក៏ដោយ។ ដោយយោងទៅលើការមមាញឹកក្នុងភារកិច្ចរៀងៗខ្លួនផង និងជៀសវាងការប្រមូលផ្តុំគ្នាច្រើនផង អតីតមិត្តរួមជំនាន់នៃសាលាបាក់ទូកទាំងនេះ បានបំបែកគ្នាជាពីរក្រុម នាំយកសម្ភារ ភេសជ្ជៈ ផ្លែឈើ និង ថវិកាទៅប្រគល់ជូននិងសួរសុខទុក្ខអ្នកជំងឺ២នាក់ផ្សេងគ្នា ដែលជាអតីតមិត្តរួមជំនាន់ និងជាអតីត គ្រូបង្រៀនពួកគេកាលពីអំឡុងឆ្នាំ១៩៨០-១៩៨៩។
ការចែករំលែកជួយគ្នាជាថ្មីនេះរួមមាន៖
១- លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំមិត្តភក្ដិធ្លាប់រៀនជំនាន់ជាមួយគ្នា មួយចំនួន មានទាំងអតីតលោកគ្រូបង្រៀនគណិតវិទ្យាដ៏ល្បីនៅសាលាបាក់ទូក គឺលោកគ្រូ គំ ពិន រួមដំណើរជាមួយផង ចុះទៅសួរសុខទុក្ខអតីតមិត្តរួមជំនាន់សាលាបាក់ទូកឈ្មោះ លី សារុន ជាមន្ត្រីរាជការបម្រើការនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជួបឧបទ្ទវហេតុដួលបាក់ដៃកំពុងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលសម្ភពចំរើន ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២- លោកឧត្តមសេនីយ៍ឯក តាន់ សុខវិជ្ជា ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានដឹកនាំមិត្តភក្ដិរួមជំនាន់សាលាបាក់ទូកមួយចំនួន រួមទាំងមានវត្តមានចូលរួមពីអតីតលោកគ្រូ អ្នកគ្រូ នៅសាលាបាក់ទូកមួយចំនួនផង បានចុះសួរសុខទុក្ខអតីតអ្នកគ្រូ ភោគ សុទ្ធារី ដែលធ្លាប់បង្រៀនមុខវិទ្យាជីវៈវិជ្ជា នៅសាលាបាក់ទូក បានទទួលការវះកាត់ដុំគីសក្នុងស្បូន សម្រាកនៅគ្លីនិកឯកជនមួយកន្លែង ស្ថិតក្នុងសង្កាត់ផ្សារធំថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
កាយវិការយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិរបស់អតីតសិស្សសាលាបាក់ទូកមួយក្រុមនេះ គឺតែងតែធ្វើឡើងជាញឹកញាប់អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈការចងក្រងជាក្រុមក្នុងបណ្តាញទំនាក់ទំនងសង្គម WhatsApp មានចំនួនជាង២០០នាក់ ក្រោមការផ្តួចផ្តើមរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដើម្បីធ្វើទំនាក់ទំនងសួរសុខទុក្ខគ្នា ផ្តល់កម្លាំងចិត្តឲ្យគ្នា និងជួយគ្នា ទៅវិញទៅមក ជាពិសេសគឺរួមគ្នាបរិច្ចាគធនធានផ្ទាល់ខ្លួនកសាងសមិទ្ធផលក្នុងសាលា, ជូនដល់អតីតលោកគ្រូអ្នកគ្រូ ក្នុងឱកាសជួបជុំគ្នាក៏ដូចជាពេលពួកគាត់ជួបទុក្ខលំបាក និងបរិច្ចាគធនធានជួយគ្រប់មិត្តដែលមានអាសន្ន ហើយខ្វះលទ្ធភាពដោះស្រាយ រហូតក្លាយទៅជា វប្បធម៌សាមគ្គីភាពមួយសម្រាប់ក្រុមពួកគាត់ ក្នុងការរួបរួម យកចិត្តទុកដាក់ជួយគ្នាគ្រប់ពេលមានទុក្ខលំបាក និងបង្កើតបានជាពាក្យស្លោកប្រចាំក្រុមមួយថា “សាមគ្គី មិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ” ៕ដោយ៖ ចន្ទ លីហ្សា