ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសុីទែនដឹកហ្គាសបើកបុករះម៉ូតូ៥គ្រឿងនិងរថយន្តមួយគ្រឿងស្លាប់ម្នាក់របួស២នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងស្ត្រីមានផ្ទៃពោះ២នាក់ទៀតរងរបួសធ្ងន់ខណៈជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តសុីទែនដឹកហ្គាសបើកបុករះម៉ូតូចំនួន៥គ្រឿងទាំងកំរោល។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវភ្នំពេញ-ហាណូយ ជាប់ភ្លើងស្តុប២៤ម៉ោង ក្នុងភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលផ្នែកចរាចរណ៍បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នៅនឹងកន្លែងមានឈ្មោះ យិន វ៉េត ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកម្មករដឹកកញ្ចក់ មានស្រុកកំណើតនៅភូមិខ្ញូងលើ ឃុំមហាខ្ញូង ស្រុកកោះសូទិន ខេត្តកំពង់ចាម ។
ប្រភពដដែលបានឲ្យដឹងទៀតថា មុនកើតហេតុគេឃើញរថយន្តបង្កម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-4913 ជារថយន្តដឹកហ្គាស បើកបរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកពីក្រោយរថយន្តព្រូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BI-0032 រុញផ្ទប់នឹងរុឺម៉កម៉ូតូកំពុងឈប់ភ្លើងស្តុបពីជើងទៅត្បូង និងបន្តទៅបុករះម៉ូតូរុឺម៉កដឹកកញ្ចក់ ម៉ូតូលក់ពោតស្ងោរ ម៉ូតូលក់លៀសហាល ម៉ូតូលក់គ្រឿងម្ជូរ ដែលឈប់ចតលក់នៅអែបចិញ្ចើមផ្លូវ បណ្តាលឲ្យស្ត្រីមានផ្ទៃពោះជាកម្មការិនីរោងចក្រ២នាក់រងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើកបរម៉ូតូរុឺម៉កដឹកកញ្ចក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយកើតហេតុជនបង្កត្រូវសមត្ថកិច្ចប្រចាំគោលដៅ២៤ម៉ោងក្បែរនោះឃាត់ខ្លួន ហើយនគរបាលជំនាញចុះទៅពិនិត្យវាស់វែង រួចប្រមូលសម្ភារពាក់ព័ន្ធ រួមទាំងអ្នកបើកបររថយន្តបង្កផងទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖ និន សុភ័ស្ត


ចែករំលែក៖