នៅថ្ងៃទី១៧ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានប្រកាសថា នឹងបន្តប្តឹងរារាំងរដ្ឋ Nevada ទទួលស្គាល់លទ្ធផលបោះឆ្នោតដែលលោកបៃឌិនជាអ្នកឈ្នះ។
តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ក្នុងពាក្យបណ្តឹងរបស់លោកត្រាំ បានស្នើដល់រដ្ឋ Nevada ប្រកាស ថាលោកត្រាំទទួលបានជ័យជម្នះក្នុងការបោះឆ្នោត ឬលុបចោលលទ្ធផលបោះឆ្នោតក្នុងរដ្ឋនេះដោយមិនប្រកាសថា ភាគីណាមួយជាអ្នកឈ្នះនោះទេ។
រដ្ឋNevada មាន៦កៅអីតំណាង ហើយលទ្ធផលបានប្រកាសថាលោកបៃឌិនជាអ្នកយកឈ្នះ ។ ប៉ុន្តែលោកត្រាំបានចោទប្រកាន់ថា មានការបន្លំសន្លឹកឆ្នោតធ្វើឲ្យលទ្ធផលបោះឆ្នោតមិនស្របច្បាប់។ ប៉ុន្តែការចោទប្រកាន់ទាំងនោះមិនមានភស្តុតាងច្បាស់លាស់ឡើយ។
តាមការិយាល័យអភិបាលរដ្ឋ Nevada បេក្ខភាពប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ លោកបៃឌិន ទទួលបានសន្លឹកឆ្នោតគាំទ្រ703.486សន្លឹក ច្រើនជាង លោកត្រាំដល់ទៅ33.596សន្លឹក។
កន្លងមក ក្រុមការងាររបស់លោកត្រាំ ក៏បានប្តឹងរដ្ឋPennsylvania, Michigan ដើម្បីទប់ស្កាត់ការទទួលស្គាល់លទ្ធផលបោះឆ្នោត ប៉ុន្តែត្រូវបានតុលាការច្រានចោល។ មកទល់ពេលនេះ ប្រធានាធិបតីដូណាល់ ត្រាំ មិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឡើយទេ ក៏ដូចជាការផ្ទេរអំណាចដល់ក្រុមការងារលោកបៃឌិន ធ្វើឲ្យសកម្មភាពមួយចំនួនត្រូវជាប់គាំង៕ដោយ៖ធី រីណា