ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជិត ៤០០គ្រួសារ ទទួលបានអំណោយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈអភិបាលខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្ពុជាក្រៅពីជួបវិបត្តិជំងឺកូវីដ-១៩ ក៏នៅទទួលរងគ្រោះធម្មជាតិ ដោយទឹកជំនន់ថែមទៀតផង នៅក្នុងដំណាក់កាលនៃវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ត្រូវគេឃើញ បានប្រញ៉ាប់ចាត់វិធានការជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងការទប់ទល់ជាមួយគ្រោះទឹកជំនន់ បានយ៉ាងមានប្រសិទ្ធភាព។
ក្រោយរដូវទឹកស្រក សម្តេចតេជោ បានផ្តល់អំណោយជាបន្តបន្ទាប់ ជូនដល់ប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្តាខេត្ត ដែលជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដោយមិនដែលគិតថា ពលរដ្ឋទាំងនោះបម្រើឲ្យនិន្នាការនយោបាយ នៅក្នុងបក្សណាមួយនោះឡើយ។
អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំមន្ត្រីខេត្ត និងស្រុកគ្រប់លំដាប់ថ្នាក់ នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងបរិក្ខាប្រើប្រាស់ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ៣៥៥គ្រួសារ មកពីភូមិចំនួនពីរ គឺភូមិកែស និងភូមិដូង ស្ថិតក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
ប្រជាពលរដ្ឋទាំង ៣៥៥គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេស ទឹកត្រីម១យួរ ត្រីខកំប៉ុង១យួរ ទឹកបរិសុទ្ធ១កេស និងមុងជ្រលក់ថ្នាំ ១ផងដែរ។
អភិបាលខេត្តស្ទឹត្រែង លោក ម៉ុម សារឿន បានសម្តែងការសោកស្តាយ ដែលប្រជាពលរដ្ឋទាំងអស់ បានជួបគ្រោះទឹកជំនន់នាពេលកន្លងមក ដែលបានបង្កការខូចខាតផលដំណាំយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាព។ លោកអភិបាលខេត្ត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យខិតខំបង្កបង្កើនផល ដាំដំណាំរួមផ្សំ និងការចិញ្ចឹមសត្វ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ បានល្អប្រសើរឡើងវិញ ។
គួរបញ្ជាក់ថា ខេត្តស្ទឹងត្រែង នៅក្នុងពេលជួបគ្រោះទឹកជំនន់កន្លងមកនោះ បានធ្វើឲ្យប៉ះពាល់ដំណាំស្រូវ ៣២៧ហិកតា ខូចខាត ១៧១ហិកតា ប៉ះពាល់ដំណាំរួមផ្សំ ៣០ហិកតា ខូចខាត ២២ហិកតា និងការរងផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ សាលារៀន និងវត្តអារ៉ាម ជាច្រើនកន្លែង ផងដែរ។
ដោយឡែក នៅក្នុងស្រុកថាឡាបរិវ៉ាត់ បានរងផលប៉ះពាល់លើ ១៣ភូមិ និង ៥ឃុំ លិចផ្ទះប្រជាពលរដ្ឋ ៨៥១ខ្នង ស្មើនឹង ៩២៣គ្រួសារ ស្មើនឹង ៣ពាន់ ៣៧៧នាក់ ជម្លៀសប្រជាពលរដ្ឋ ទៅទីទួលសុវត្ថិភាព ៥៥គ្រួសារ ស្មើនឹង ១៦៨នាក់ ៕

ដោយ៖ សូរិយា


ចែករំលែក៖