កន្លងមក មានក្តីបារម្ភពីសង្គ្រាមវាយប្រហាររបស់អាមេរិកទៅលើប្រទេសអុីរ៉ង់ដើម្បីជាការរក្សាអំណាចរបស់លោកត្រាំបន្តដឹកនាំអាមេរិក។ ប៉ុន្តែនៅពេលនេះ គម្រោងវាយប្រហារកាន់តែបង្ហាញជាសាធារណៈក្រោយពីអុីស្រាអែលបានត្រៀមលក្ខណៈរួចជាស្រេចរងចាំទទួលបញ្ជាពីប្រធានាធិបតីដូណាល់ ត្រាំនឹងវាយប្រហារទៅលើទីតាំងនានារបស់អុីរ៉ង់ ពិសេសគឺ ទីតាំងបរមាណូ ។
នៅពេលនេះទាហានអុីស្រាអែល បានត្រៀមលក្ខណៈរួចជាស្រេចរង់ចាំទទួលបញ្ជាតែប៉ុណ្ណោះនឹងវាយប្រហារតែម្តង ។ ប៉ុន្មានថ្ងៃមុននេះ ទាហានអាមេរិកក៏បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកជាបន្ទាន់ទៅកាន់មជ្ឈិមបូព៌ាដែលជាសញ្ញានៃការត្រៀមវាយប្រហារអុីរ៉ង់។
នៅពេលនេះលោកត្រាំ មិនទាន់យល់ព្រមចុះចាញ់លោកបៃឌិននៅឡើយទេ ដោយបន្តតវ៉ាដើម្បីប្រែក្រឡាស់លទ្ធផលបោះឆ្នោត។ អ្នកឯកទេសវិភាគបានលើកឡើងថា នៅពេលចុងក្រោយ ពេលចុះចេញពីអំណាច លោកត្រាំអាចបន្សល់ទុកផលលំបាកដល់ប្រធានាធិបតីថ្មី ដូចបៃឌិន គឺសង្គ្រាមជាមួយអុីរ៉ង់។
លោក Ryan Costello ជានាយកក្រុមប្រឹក្សាជាតិអ៉ីរ៉ង់-អាមេរិក (NIAC) យល់ថា ការវាយប្រហារលើអ៉ីរ៉ង់មានភាគរយតិចតួចណាស់ អាចនឹងកើតឡើង តែគេក៏មិនអាចច្រានចោលទាំងស្រុងនោះដែរ ជាពិសេសចំពោះមេដឹកនាំដែលពិបាកស្មានជម្រៅចិត្តដូចជាលោក ដូណាល់ ត្រាំ។ លោក Costello បន្ថែមថា ការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ គឺជារឿងប្រថុយប្រថាននាំឱ្យសង្រ្គាមជាមួយអ៉ីរ៉ង់ រាលដាលទៅជាសង្រ្គាមក្នុងតំបន់ទាំងមូល ហើយលោកត្រាំ ផ្ទាល់ក៏មិនមានពេលគ្រប់គ្រាន់ ដើម្បីធ្វើរឿងនេះដែរ ដ្បិតបើសង្រ្គាមជាមួយអ៉ីរ៉ង់ផ្ទុះឡើងពិតមែននោះវាមិនមែនជាសង្រ្គាមរយៈពេលខ្លីទេ ពីព្រោះអ៉ីរ៉ង់មានសមត្ថភាពយោធាគ្រប់គ្រាន់ អាចវាយបកសងសឹកលើសហរដ្ឋអាមេរិកវិញបាន៕ដោយ៖ធី រីណា