នៅពេលថ្មីៗនេះរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានផ្ញើសេចក្តីប្រកាសស្នើដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ ត្រូវតែបង់ពន្ធលើបណ្តាញឌីជីថលរបស់ខ្លួនចាប់ពីខែធ្នូឆ្នាំ២០២០តទៅ។
បារាំងបានផ្អាកឲ្យបង់ពន្ធឌីជីថលតាំងពីដើមឆ្នាំមកទល់ពេលនេះ ដោយសារតែស្ថិតនៅក្នុងដំណាក់កាលពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការកែទម្រង់ច្បាប់មួយចំនួនក្នុងវិស័យពន្ធដារអន្តរជាតិ ។
ក្រសួងហិរញ្ញវត្ថុបារាំងបានឲ្យដឹងថា ការយកពន្ធពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាធំៗចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២០។ កាលពីខែតុលាកន្លងមកមានប្រទេសចំនួន១៤០ប្រទេស បានព្រមព្រៀងបន្តកិច្ចពិភាក្សាដល់ពាក់កណ្តាលឆ្នាំ២០២១។
កាលពីឆ្នាំ២០១៩ បារាំងបានអនុម័តឲ្យបង់ពន្ធ៣%លើប្រាក់ចំណូលបានមកពីបណ្តាញឌីជីថល ដែលមានប្រាក់ចំណូល២៥លានអឺរ៉ូនៅប្រទេសបារាំង និង៧៥០លានអឺរ៉ូនៅទូទាំងពិភពលោក។ បណ្តាក្រុមហ៊ុននឹងទទួលបានសេចក្តីប្រកាសស្តីពីការបង់ពន្ធនៅចុងឆ្នាំ២០២០។
គោលជំហររបស់ក្រុមហ៊ុនហ្វេសប៊ុក បានធានាគោរពតាមច្បាប់របស់បណ្តាប្រទេសក៏ដូចជាការបង់ពន្ធ ។ ជាមួយគ្នានេះដែរក្រុមហ៊ុន អាម៉ាហ្សូនក៏ទទួលបានព័ត៌មានស្តីពីការបង់ពន្ធនេះផងដែរ៕ដោយ៖ធី រីណា