ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានអំពាវនាវឲ្យប្រែក្រឡាស់លទ្ធផលបោះឆ្នោតរបស់លោកបៃឌិន ក្រោយពីមានការបន្លំនៅក្នុងរដ្ឋជាច្រើន ។ លោកត្រាំបញ្ជាក់ថា លោកបានយកឈ្នះនៅក្នុងរដ្ឋយុទ្ធសាស្ត្រសំខាន់ៗ។
មកទល់ពេលនេះមានករណីប្តឹងផ្តល់របស់លោកត្រាំ ត្រូវបានតុលាការច្រានចោល ហើយលោកត្រាំក៏មិនបានបង្ហាញវត្តមានចំពោះមុខមហាជនផងដែរអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ប៉ុន្តែនៅពេលបង្ហាញខ្លួនលោកបានអំពាវនាវឲ្យផ្លាស់ប្តូរលទ្ធផលបោះឆ្នោត ព្រោះលោកជាអ្នកឈ្នះ។
នៅថ្ងៃទី២៥ខែវិច្ឆិកា លោកត្រាំបានចូលរួមកិច្ចប្រជុំគណបក្សសាធារណរដ្ឋនៅទីក្រុង Gettysburg រដ្ឋPennsylvania ។ នៅទីនោះលោកត្រាំបានអំពាវនាវ ឱ្យប្រែក្រឡាស់លទ្ធផលបោះឆ្នោត ឱ្យលោកជាអ្នកឈ្នះវិញ។
លោកត្រាំបញ្ជាក់ទៀតថា «អ្វីដែលយើងត្រូវធ្វើនាពេលនេះគឺចៅក្រមព្រមស្តាប់តាមយើង ដូច្នេះលទ្ធផលបោះឆ្នោតអាចនឹងកែប្រែ យើងនឹងឈ្នះនៅរដ្ឋ Pennsylvania និងរដ្ឋមួយចំនួនទៀត »។
ប្រធានាធិបតីទី៤៥ របស់អាមេរិកបានប្រកាសថា លោកនឹងប្រមូលភស្តុតាងទាំងអស់ បើទោះបីរដ្ឋមួយចំនួនបានច្រានចោលពាក្យបណ្តឹងក្តី។ កាលពីថ្ងៃទី២៤ខែវិច្ឆិកា អភិបាលរដ្ឋ Pennsylvania លោកTom Wolf បានប្រកាសទទួលស្គាល់ថា លោកបៃឌិន និងលោកស្រី កាម៉ាឡា ហារីសជាអ្នកឈ្នះ។ ជាមួយគ្នានោះរដ្ឋផ្សេងទៀត ដូចជា ណេវ៉ាដា ក៏ទទួលស្គាល់ដូចគ្នាដែរ។
មកទល់ពេលនេះលោកបៃឌិនទទួលបានកៅអីតំណាង៣០៦ ខ្ពស់ជាងចំនួនកំណត់ដែលមានតែ២៧០ប៉ុណ្ណោះ ។ ប៉ុន្តែលោកត្រាំមិនព្រមចុះចាញ់នោះឡើយបើទោះបីស្ថាប័នមួយចំនួនបានចូលរួម ដំណើរការផ្ទេរអំណាចយ៉ាងណាក៏ដោយ៕ដោយ៖ធី រីណា