ភ្នំពេញ៖ បុរសមិនស្គាល់អត្តសញ្ញាណវ័យប្រមាណជាង៣០ឆ្នាំម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកនិងកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង ៤០ នាទីយប់ថ្ងៃទី ២៨ ខែវិចិ្ឆកាឆ្នាំ ២០២០នៅជិតរង្វង់មូលចោមចៅ តាមបណ្ដោយផ្លូវចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកតាមបណ្ដោយផ្លូវចោមចៅក្នុងទិសដៅពីកើតទៅលិចរួចហើយបានបុកជនរងគ្រោះដួលផ្កាប់មុខនិងកិនបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត។ រីឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុហើយបានធ្វើកំណត់ហេតុរួចដឹកសាកសពទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
![](http://nokorwatnews.com/wp-content/uploads/2020/11/2BE59189-6C0A-433F-9BF3-3508072896F8.jpeg)
![](http://nokorwatnews.com/wp-content/uploads/2020/11/5DEF7A7F-1B0B-4F5A-8C8F-536459EAD10A.jpeg)
![](http://nokorwatnews.com/wp-content/uploads/2020/11/BB36338C-4E18-4FE4-9D0B-9CE7ED1FDCC4.jpeg)
![](http://nokorwatnews.com/wp-content/uploads/2020/11/B78B53F0-1F35-4AE4-AA0D-209CC91A59C3.jpeg)
ដោយ៖សុខាសែនជ័យ