ភ្នំពេញ៖ មានករណីរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៧នាក់ ដែលក្នុងនោះមាន៦នាក់ជាក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានផ្លូវការ របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។
ក្រសួងសុខាភិបាលក៏បានប្រកាស ថា៖ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ ដែលម្នាក់ជាបុរសជនជាតិខ្មែរ ដែលធ្វើដំណើរមកពីអាមេរិក និងម្នាក់ទៀត គឺជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។
ជាមួយនិងការរកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ក្រសួងសុខាភិបាល អំពាវនាវដល់អ្នកដែលប៉ះពាល់ជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ចាំបាច់ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរបស់ខ្លួន ឲ្យបានត្រឹមត្រូវ និងនៅមណ្ឌលចត្តាឡីស័ក នៅខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងបន្ទាយមានជ័យ និងអនុវត្តន៍ទៅតាមសារសំឡេង ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងរបស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីមនុស្សម្នាក់ទៅម្នាក់ និងកុំឲ្យមានការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍។
សូមជម្រាបថា ៖ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៤នាក់៕
ដោយ៖សិលា