ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបុកបុរសម្នាក់ដេីរឆ្លងផ្លូវស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសមិនស្គាល់អត្តសញ្ញាណវ័យប្រមាណជាង៣០ឆ្នាំម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបុកនិងកិនបែកក្បាលស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០និង ៤០ នាទីយប់ថ្ងៃទី ២៨ ខែវិចិ្ឆកាឆ្នាំ ២០២០នៅជិតរង្វង់មូលចោមចៅ តាមបណ្ដោយផ្លូវចោមចៅ​ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានបើកតាមបណ្ដោយផ្លូវចោមចៅក្នុងទិសដៅពីកើតទៅលិចរួចហើយបានបុកជនរងគ្រោះដួលផ្កាប់មុខនិងកិនបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័មបំផុត។ រីឯរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបើករត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុហើយបានធ្វើកំណត់ហេតុរួចដឹកសាកសពទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖