ភ្នំពេញ៖ ដើម្បីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីកសាយភាយជំងឺកូវីដ-១៩ ក្នុងពេលជំងឺនេះកំពុងឆ្លងចូលសហគមន៍ជាលើកដំបូង គឺខាងក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទៅឱ្យរួមសាមគ្គីគ្នាអនុវត្តន៍តាមវិធានណែនាំទាំងឡាយ របស់ក្រសួងសុខាភិបាល។
យោងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លង និងឆ្លងជំងឺកូវីដ-១៩ ប្រជាពលរដ្ឋត្រូវអនុវត្តន៍តាមវិធានការសំខាន់មួយចំនួនដូចជា៖
ទី១-លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត ឬអាកុល ជែល និងចៀសវាងប៉ះពាល់ភ្នែក ច្រមុះ ឬមាត់
ទី២-នៅពេលក្អក ឬកណ្តាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកែងដៃ ឬក្រដាស រួចបោះចោលក្នុងធុងសំរាមបិទជិតភ្លាម និងលាងដៃរបស់អ្នក
ទី៣- ប្រសិនអ្នកពាក់ម៉ាស់ត្រូវប្រាកដថា ពាក់គ្រប់លើមាត់ និងច្រមុះ ប៉ុន្តែចៀសវាងការប៉ះម៉ាស់ផ្ទៃខាងក្នុងនៅពេលកំពុងពាក់ និងពេលដោះ
ទី៤-ត្រូវបោះចោលក្នុងធុងសំរាមបិទជិតភ្លាមនូវម៉ាស់ដែលបានប្រើរួច និងលាងដៃឱ្យស្អាតបន្ទាប់ពីដោះម៉ាស់។
ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។ ក្នុងនោះប្រជាពលរដ្ឋធម្មតាទៅកាន់ផ្សារទំនើបអ៊ីអន១ ហើយមន្ត្រីរាជការទៅកាន់ក្រសួងមហាផ្ទៃ។
ការអំពាវនាវរបស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីជំងឺកូវីដ១៩ បានផ្ទុះនៅក្នុងសហគមន៍ដោយបានឆ្លងក្នុងក្រុមគ្រួសារអគ្គនាយកពន្ធធនាគារ ហើយត្រូវបានរកឃើញនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ៕
ដោយ៖សិលា