ព័ត៌មានទាន់ហេតុការណ៍៖

អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារអគ្គនាយកពន្ធនាគារ គឺក្រសួងសុខាភិបាល កំណត់យកការធ្វើតេស្តចំនួន៣លើក

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានអំពាវនាវ ដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ សូមអញ្ជើញមកធ្វើតេស្តរកកូវីដ-១៩ នៅផ្សារទំនើបអ៉ីអន ១ សម្រាប់ប្រជាពលរដ្ឋធម្មតា និងនៅទីស្តីការក្រសួងមហាផ្ទៃ សម្រាប់មន្ត្រីរាជការ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញ៦ករណីវិជ្ជមានកូវីដ-១៩ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ផ្សេងទៀតផងដែរ។
ក្រសួងសុខាភិបាលបានសម្រេចកំណត់ចំនួននៃការធ្វើសេត្តរកវីរុសកូវីដ-១៩ ចំនួន៣លើក លើអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារ អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ។ នេះបើតាមការលើកឡើងពីលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការធ្វើតេស្តលើកទី១ គឺធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។
រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ៖ ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបានធ្វើតេស្តនៅថ្ងៃកំណត់របស់ក្រសួង, នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្ត៕

ដោយ៖សិលា


ចែករំលែក៖