ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីណែនាំស្តីពី ៖ ការទប់ស្កាត់ការឆ្លងមេរោគកូរីដ-១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញយោងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នាថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ បងប្អូនប្រជាពលរដ្ឋទាំងររស់ ដូចខាងក្រោម៖ -អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋដូចខាងក្រោម ៖
១- ត្រូវធ្វើការផ្អាករាល់ការជួបជុំ ឬការប្រមូលផ្ដុំ ដូចជាកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ឬការជួបជុំ បែបសាសនាទាំងអស់។ល។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។
២- អនុញ្ញាតឱ្យមានការជួបជុំមិនឱ្យលើសពី២០នាក់ ក្នុងករណីចាំបាច់ ប៉ុន្តែការជួបជុំនេះ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម យ៉ាងតិចចម្ងាយ១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់។
៣- ត្រូវចាត់តាំងកម្លាំង ដើម្បីផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយផ្ទាល់ ឬដោយ ប្រយោលព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា- ឱ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩។ ក្នុងករណីលទ្ធផល តេស្តអវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ក្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល។
៤- ត្រូវចុះត្រួតពិនិត្យ និងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា ឱ្យអនុវត្ត វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងនោះម្ចាស់អាជីវកម្មទាំងអស់ខាងលើ ត្រូវរៀបចំជែល ឬអាល់កុលលាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកឱ្យធ្វើការវាស់ កម្ដៅភ្ញៀវទាំងរស់ដោយឈរតម្រង់ជួររក្សាគម្លាតសុវត្ថិភាពសង្គម មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំង អាជីវកម្មទាំងនោះ ព្រមទាំងត្រូវរៀបចំរក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច១,៥ម៉ែត្រពីម្នាក់ទៅម្នាក់ ក្នុងពេលអង្គុយ។ ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មខាងលើ មិនអនុវត្តតាមការណែនាំទេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មជាបណ្តោះអាសន្ន។
៥- ត្រូវចុះត្រួតពិនិត្យ និងតាមដានការអនុវត្តនូវវិធានការផ្អាកជាបណ្តោះអាសន្ននូវទីតាំងអាជីវកម្មមួយចំនួនដូចជា ក្លិបហាត់ប្រាណ រោងភាពយន្ត KTV ក្លិបកម្សាន្ត(រង្គសាល ខារ៉ាអូខេ ឌីស្កូតែត បៀរហ្គាឌិន)អាជីវកម្មម៉ាស្សាសុខភាពនិងស្ប៉ា។
៦- ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងពិនីត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើ។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ដោយ៖ សិលា