ព័ត៌មានទាន់ហេតុការណ៍៖

មេទ័ពអុីរ៉ង់រងការធ្វើឃាតដោយយន្តហោះគ្មានមនុស្សបើក​

ចែករំលែក៖

មេបញ្ជាការកងទ័ពអុីរ៉ង់និង​អង្គរក្ស​៣នាក់ទៀតបានស្លាប់ដោយសាររងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកទៅលើរថយន្តរបស់លោក ក្នុងតំបន់ព្រំដែន​រវាងអុីរ៉ាក់នឹងស៊ីរី​។
នេះជាការវាយប្រហារលើកទីពីរហើយទៅលើមន្ត្រីជាន់ខ្ពស់របស់អុីរ៉ង់ បន្ទាប់ពីអ្នកវិទ្យាសាស្ត្របរមាណូ ។ ការវាយប្រហារសម្លាប់មេទ័ពនៃកម្លាំងបដិវត្តន៍អុីស្លាមអុីរ៉ង់ (IRGC) ​នៅយប់ថ្ងៃទី​៣០ ខែវិច្ឆិកា។ ​
តាមសារព័ត៌មាន រ៉យទ័រ​បានឱ្យដឹងថា មេទ័ព​ Muslim Shahdan និងអង្គរក្ស៣រូបទៀត​​ស្លាប់​ដោយសារការវាយប្រហារពីយន្តហោះគ្មានមនុស្សបើក។ លោក Muslim Shahdan រងការវាយប្រហារពេលឆ្លងព្រំដែនAl Qaim ពីអុីរ៉ាក់ចូលក្នុងទឹកដីស៊ីរី​។
តាមប្រភពព័ត៌មានបានឲ្យដឹងថា សាកសពមេទ័ពអុីរ៉ង់បានបញ្ជូនទៅកាន់​ទីក្រុងបាដាដប្រទេសអុីរ៉ាក់ ប៉ុន្តែភាគីអុីរ៉ាក់មិនទាន់​បញ្ជាក់ពីព័ត៌មានខាងលើនៅឡើយទេ​។ ការវាយប្រហារខាងលើកើតឡើងក្រោយពេលបិតាបច្ចេកវិទ្យាបរមាណូអុីរ៉ង់ លោកMohsen Fakhrizadeh រងការធ្វើឃាតនៅក្នុងទឹកដីអុីរ៉ង់តែម្តង។ មន្ត្រីអុីរ៉ង់បានចោទប្រកាន់អុីស្រាអែលនៅពីក្រោយការធ្វើឃាតខាងលើ ហើយអុីរ៉ង់ប្តេជ្ញាថានឹងសងសឹកវិញទៅលើអុីស្រាអែល​។
នៅពេលនេះអុីរ៉ង់បានត្រៀមលក្ខណៈវាយប្រហារទៅលើអុីស្រាអែលដោយបានត្រៀមមីស៊ីលជាច្រើនគ្រាប់ ។ ចំណែកអុីស្រាអែលវិញក៏បានត្រៀមលក្ខណៈវាយបកមកលើអុីរ៉ង់​វិញ​ដែរ ហើយពេលនេះក៏ទទួលបានការអនុញ្ញាតឲ្យហោះហើរនៅលើដែនអាកាសប្រទេសអារ៉ាប៊ីសាអ៊ូឌីតទៀតផង​៕

ដោយ៖ធី រីណា


ចែករំលែក៖