ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់ចិន បដិសេធមិន​សុំទោស​អូស្ត្រាលី ​ជុំវិញ​ការ​បង្ហោះ​រូបថត​មិនល្អ​របស់​ទាហាន​អូស្ត្រាលី​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលទំនាក់ទំនងទ្វេភាគីរវាងចិន និងអូស្ត្រាលីកាន់តែធ្លាក់ចុះត្រដាប់ត្រដួសបន្ថែមទៀត កាលពីថ្ងៃ៣០ វិច្ឆិកាថ្មីៗកន្លងទៅនេះអ្នកនាំពាក្យក្រសួងការបរទេសចិនបដិសេធមិនសុំទោសតាមការទាមទាររបស់នាយករដ្ឋមន្ត្រីអូស្ត្រាលីពាក់ព័ន្ធការបង្ហោះរូបថតសកម្មភាពទាហានអូស្ត្រាលីលើកុមារអាហ្វហ្កានីស្ថាន​​​ ប៉ុន្តែក្រសួងការបរទេសចិន បានប្រាប់ឲ្យអូស្ត្រាលីទៅសុំទោសអាហ្វហ្កានីស្ថានវិញចំពោះទង្វើអមនុស្សធម៌របស់ខ្លួន​​

ជាក់ស្តែង កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ នាយករដ្ឋមន្ត្រីអូស្ត្រាលីស្កុ ម៉ូរីសុន បានទាមទារឲ្យចិន សុំទោសជាផ្លូវការចំពោះការបង្ហោះសំណេរ និងរូបគំនូរទាហានអូស្ត្រាលីយកកាំបិតដាក់លើកកុមារអាហ្វហ្កានីស្ថានម្នាក់នេះបើតាមការអះអាងពីលោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន លោក​Zhao Lijian អះអាងទៀតថា ការបង្ហោះគំនូរបែបនេះ គឺជារឿងដែលគួរឲ្យខឹងសម្បារ មិនអាចរកហេតុផលអ្វីមកកែតម្រូវបាន និងជាការប្រមាថប្រជាជន និងកងទ័ពអូស្ត្រាលីផង ហើយទំនាក់ទំនងទ្វេភាគី នឹងកាន់តែយ៉ាប់យ៉ឺន

លោក ម៉ូរីសុន ក៏ដូចជាទាមទារឲ្យក្រុមហ៊ុន Twitter លុបសារដែលបង្ហោះដោយលោក Zhao ផងដែរ ប៉ុន្តែបណ្តាញសង្គមមួយនេះមិនបានលុបចោលសារ និងរូបភាពដែលបានបង្ហោះនោះឡើយ ដោយគ្រាន់តែដាក់សញ្ញាសម្គាល់ថា គណនីរបស់លោក Zhao ជាគណនីមានទំនាក់ទំនងរដ្ឋាភិបាលចិន និងប្រាប់អ្នកប្រើប្រាស់ឲ្យប្រយ័ត្នប្រយែងមុននឹងចុចមើលរូបនោះ

លោកស្រី Hua Chunying អ្នកនាំពាក្យមួយរូបផ្សេងទៀតនៃក្រសួងការបរទេសចិន ជាការឆ្លើយតបនឹងការទាមទារបស់អូស្ត្រាលី ក៏បានលើកឡើងក្នុងសន្និសីទសារព័តមានថ្ងៃដដែលថា៖ ភាគីអូស្ត្រាលីប្រតិកម្មខ្លាំងពេកចំពោះការបង្ហោះរបស់សហសេវិករបស់លោកស្រី មិនតែប៉ុណ្ណោះលោកស្រី ក៏ប្រាប់ឲ្យអូស្ត្រាលីពិចារណកំហុសខ្លួនឯង និងកែប្រែកំហុសនេះ

លើសពីនេះទៅទៀត លោកស្រី Hua ថែមទាំងបានរិះគន់ទៀតថា អូស្ត្រាលីគួរណាស់តែអាម៉ាស់ចំពោះទង្វើកងទ័ពរបស់ខ្លួន ក៏ដូចជាសុំទោសជាផ្លូវការទៅកាន់ប្រជាជនអាហ្វហ្កានីស្ថាន លោកស្រី Hua អះអាងថា អំពើដែលប្រព្រឹត្តដោយទាហាមអូស្ត្រាលីគឺជារឿងគួរឲ្យរន្ធត់ និងស្រងាកចិត្ត

ដោយឡែកជុំវិញករណីខាងលើនេះដែរ ត្តសេនីយ៍ Angus Campbell អគ្គមេបញ្ជាការកងទ័ពអូស្ត្រាលី បាននិយាយសុំទោសជាសាធារណៈរួចមកហើយកាលពីថ្ងៃទី១៩ វិច្ឆិកា ចំណែកលោក ម៉ូរីសុន ក៏សុំទោសមេដឹកនាំអាហ្វហ្កានីស្ថានតាមទូរស័ព្ទរួចហើយដែរ

អគ្គមេបញ្ជាការកងទ័ពអូស្ត្រាលី កាលពីថ្ងៃទី១៩ វិច្ឆិកាកន្លងទៅ ធ្លាប់អះអាងថាទាហានខ្លួនចំនួន១៩រូបមានជាប់សង្ស័យក្នុងការសម្លាប់ដោយខុសច្បាប់ជនស៊ីវិល និងអ្នកទោសចំនួន៣៩នាក់នៅអាហ្វហ្កានីស្ថានក្រោយការទទួលស្គាល់នេះ អូស្ត្រាលីបានចាប់ផ្តើមនីតិវិធីរដ្ឋបាល និងតុលាការក្នុងការកាត់ក្តីទាហានរបស់ខ្លួន ក៏ដូចជាបានបណ្តេញទាហាន១៣នាក់ចេញពីកងកម្លាំងរបស់ខ្លួន

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងអូស្ត្រាលី និងចិន ចាប់ផ្តើមអាប់អួរក្រោយពេលអូស្ត្រាលីចេញមុខទាមទារឲ្យអង្គការសុខភាពពិភពលោក​(WHO) បើកការស៊ើបអង្កេតពីប្រភពនៃជំងឺកូវីដ​-១៩ ដោយសង្ស័យថាមានប្រភពចេញមកពីចិន ចាប់តាំងពីពេលនោះមក ប្រទេសទាំងចាប់ផ្តើមប៉ះទង្គិចគ្នាលើបញ្ហាសិទ្ធិមនុស្ស ចោទគ្នារឿងចារកិច្ច ក៏ដូចជាបញ្ហាអ្នកកាសែត នៅពេលថ្មីៗនេះ ចិនបានដាក់ពន្ធចំនួន២១២ភាគរយបន្ថែមលើស្រារបស់អូស្ត្រាលីក៏ដូចជាកាត់បន្ថយការនាំចូលធ្យូងថ្មពីប្រទេសនេះផងដែរដោយ៖ស តារា

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេស

លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុ ម៉ូរីសុន


ចែករំលែក៖