រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលបន្ទុកកិច្ចការសង្គម បានចេញទៅសារភាពចំពោះនាយកដ្ឋានប្រឆាំងអំពើពុករលួយរបស់ប្រទេស ក្រោយពេលរកឃើញថាបានទទួលសំណូកដើម្បីចែកចាយជំនួយកូវីដ-១៩ របស់រដ្ឋាភិបាល។
សារព័ត៌មានAP បានផ្សាយថា លោក Juliari Batubara បានទៅបង្ហាញខ្លួននៅមុខនាយកដ្ឋានប្រឆាំងអំពើពុករលួយ (KPK) ក្នុងរដ្ឋធានីហ្សាការតា។ ការបង្ហាញវត្តមានក្រោយពេលប្រធាននាយករដ្ឋានប្រឆាំងអំពើពុករលួយស្នើឲ្យលោកចេញសារភាព។
តាមការលើកឡើងរបស់(KPK) លោកJuliari Batubara បានរងការចោទប្រកាន់ពីបទទទួលប្រាក់ខុសច្បាប់ដល់ទៅ១៧ពាន់លានរូព្យ៉ាស(rupiah) ប្រមាណ១,២លានដុល្លារអាមេរិកពីក្រុមហ៊ុន ចំនួនពីរ តាមរយៈថ្នាក់ក្រោមរបស់លោក។
លោក Firli Bahuri ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា អ្នកផ្គត់ផ្គង់បានផ្តល់ជូនលោកBatubara ០,៧ដុល្លារ (៧សេនដុល្លារ) រាល់កញ្ចប់ជំនួយស្បៀងអាហារទាំងអស់ ដែលរដ្ឋាភិបាលបានចំណាយប្រាក់ទិញយកទៅចែកចាយអ្នកក្រដែលរងផលប៉ះពាល់ដោយកូវីដ-១៩។
លោកFirli Bahuri បានបញ្ជាក់ថា រដ្ឋមន្ត្រីBatubaraអាចនឹងត្រូវជាប់គុកអស់មួយជីវិត ប្រសិនបើត្រូវបានកាត់ទោស ប៉ុន្តែការចេញសារភាពរបស់លោកអាចនឹងជួយបន្ថយទោសកំហុសរបស់លោកនាពេលកន្លងមក។
ឥណ្ឌូនេស៊ីមានអ្នកឆ្លងកូវីដ-១៩ ដល់ទៅ 570.000 នាក់ ច្រើនជាងគេបំផុតក្នុងចំណោមប្រទេសតំបន់អាស៊ាននិងឈរលំដាប់ទីពីរ ក្នុងទ្វីបអាស៊ីបន្ទាប់ពីឥណ្ឌាដែលមានអ្នកឆ្លងជាង ៩,៦លាននាក់៕ដោយ៖ធី រីណា